តើកីឡាកររូបណារកបានគ្រាប់បាល់ច្រើនគេក្នុងប្រវត្តិសាស្ត្រ EURO
(បាល់ទាត់)៖ នៅយប់ថ្ងៃ សុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ ព្រឹត្តិការណ៍ដ៏ធំបំផុតរបស់ពិភពបាល់ទាត់ បន្ទាប់ពី FIFA World Cup នោះគឺ EURO 2024 នឹងប្រារព្ធឡើងក្នុងប្រទេសអាល្លឺម៉ង់ ដែលមាន៣២ក្រុមចូលរួមប្រកួតប្រជែងលើទីលានដ៏ខៀវស្រងាត់។
ដូចដែលប្រិយមិត្តិបានដឹងខ្លះៗហើយថា EURO ត្រូវបានរៀបចំឡើងក្នុងរយៈពេល៤ឆ្នាំម្ដង ដោយកីឡាករល្បីៗលើពិភពលោក ពិសេសតំបន់អឺរ៉ុប និងបង្ហាញខ្លួនក្នុងប្រឹត្តិការណ៍នេះ។ ថ្ងៃនេះ ENN News នឹងនាំអ្នកទាំងអស់គ្នាមកស្គាល់កីឡាករស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ EURO ។
ចំពោះកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុតនោះ គឺតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo។ អតីតខ្សែប្រយុទ្ធក្រុមស្ដេចស Real Madrid រូបនេះ រកបានគ្រាប់បាល់បានចំនួន ១៤គ្រាប់ ក្នុងការបង្ហាញខ្លួន ៥លើក ដោយគិតពីឆ្នាំពានរង្វាន់ EURO ឆ្នាំ២០០៤, ២០០៨, ២០១២, ២០១៦ និង២០២០។ គ្រាប់បាល់ទាំង ១៤គ្រាប់នេះ គឺគិតតែក្នុងការប្រកួតជុំចុងក្រោយប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលគ្រាប់បាល់ក្នុងជម្រុះនោះទេ។
ខាងក្រោមនេះជាកីឡាករទាំង១០ រកបានគ្រាប់បាល់ច្រើនជាងគេនៅ EURO៖
១. កីឡាករ Cristiano Ronaldo លេងឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ រកបាន ១៤គ្រាប់
២. កីឡាករ Michel Platini លេងឲ្យក្រុមជម្រើសជាតិបារាំង រកបាន ៩គ្រាប់
៣. កីឡាករ Alan Shearer លេងឲ្យក្រុមជម្រើសជាតិអង់គ្លេស រកបាន ៧គ្រាប់
៤. កីឡាករ Antoine Griezmann លេងឲ្យក្រុមជម្រើសជាតិបារាំង រកបាន៧គ្រាប់
៥. កីឡាករ Ruud van Nistelrooy លេងឲ្យក្រុមជម្រើសជាតិហុល្លង់ រកបាន ៦គ្រាប់
៥.Patrick Kluivert លេងឲ្យក្រុមជម្រើសជាតិហុល្លង់ រកបាន ៦គ្រាប់
៥.Wayne Rooney លេងឲ្យក្រុមជម្រើសជាតិអង់គ្លេស រកបាន ៦គ្រាប់
៥.Álvaro Morata លេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ រកបាន ៦គ្រាប់
៥.Thierry Henry លេងឲ្យក្រុមជម្រើសជាតិបារាំង រកបាន ៦គ្រាប់
៥.Zlatan Ibrahimović លេងឲ្យក្រុមជម្រើសជាតិស៊ុយអែត រកបាន ៦គ្រាប់
៥.Nuno Gomes លេងឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ រកបាន ៦គ្រាប់ ៕