Elon Musk បរិច្ចាគហ៊ុន Tesla ទៅឲ្យអង្គការមនុស្សធម៌
បរទេស ៖ មហាសេដ្ឋីលំដាប់ទីមួយនៅលើពិភពលោក លោក Elon Musk បានបរិច្ចាគភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ដែលមានតម្លៃប្រមាណជិត ២ពាន់លានដុល្លារអាមេរិក ឲ្យទៅអង្គការសប្បុរសធម៌មួយកាលពីឆ្នាំ២០២២ កន្លងទៅ។
គណៈកម្មការមូលបត្រអាមេរិក (SEC) បានឲ្យដឹងថា លោក Musk បានបរិច្ចាគជាភាគហ៊ុនប្រហែល ១១.៦លានហ៊ុន នៅចន្លោះខែសីហា និងខែធ្នូ ឆ្នាំ២០២២ ឲ្យទៅអង្គការណាមួយ ប៉ុន្តែមិនបានបង្ហាញពីព័ត៌មានលម្អិតនោះទេ សូម្បីតែឈ្មោះអង្គការក៏មិនបង្ហាញដែរ។
សកម្មភាពមួយនេះ វាមិនមែនជាលើកដំបូងដែល Musk បានបរិច្ចាគហ៊ុនរបស់ Tesla ទៅអង្គការសប្បុរសធម៌នោះទេ ដោយឡែកកាលពីឆ្នាំ២០២១ Musk ក៏បានបរិច្ចាគភាគហ៊ុនដែលមានតម្លៃប្រមាណ ៥.៧៤លានដុល្លារអាមេរិកផងដែរ។
ទាក់ទិននឹងការបរិច្ចាគស្ទើរតែរាល់ឆ្នាំនេះត្រូវាបានគេលើកឡើងថា កាលពីឆ្នាំ២០១២ កន្លងទៅ Musk បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Giving Pledge ដែលជាការប្តេជ្ញាចិត្តរបស់មហាសេដ្ឋីមួយចំនួនក្នុងការផ្តល់ទ្រព្យសម្បត្តិយ៉ាងហោចណាស់ពាក់កណ្តាលរបស់ពួកគេសម្រាប់សម្រើដល់វិស័យមនុស្សធម៌ មុននឹងពួកគេស្លាប់។
ផ្ទុយពីការគិតរបស់មនុស្សធម្មតា ក្រុមអ្នកវិភាគបានយល់ឃើញថា លោក Musk ក៏ប្រហែលជាទទួលបានអត្ថប្រយោជន៍ពីសកម្មភាពមនុស្សធម៌មួយនេះដែរ ព្រោះគាត់នឹងមិនជាប់ពន្ធលើការបង្កើនដើមទុន ប្រសិនបើគាត់ចង់លក់វាចេញវិញ៕