Close

កម្ពុជា​នឹងមានមជ្ឈមណ្ឌល​ភស្តុភារ​ទំនើប​លំដាប់ពិភពលោក​ដំបូង​គេ​នាពេលឆាប់ៗនេះ​

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ សង្គម
កម្ពុជា​នឹងមានមជ្ឈមណ្ឌល​ភស្តុភារ​ទំនើប​លំដាប់ពិភពលោក​ដំបូង​គេ​នាពេលឆាប់ៗនេះ​ កម្ពុជា​នឹងមានមជ្ឈមណ្ឌល​ភស្តុភារ​ទំនើប​លំដាប់ពិភពលោក​ដំបូង​គេ​នាពេលឆាប់ៗនេះ​

ភ្នំពេញ ៖ ក្រុមហ៊ុន​សិង្ហបុរី​ និងកម្ពុជា បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀងថ្មីមួយ​ជាមួយ​នឹង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ( IFC) លើ​គម្រោងអភិវឌ្ឍន៍​មជ្ឈមណ្ឌ​ល​ភស្តុភារ​ទំនើប​លំដាប់ពិភពលោក​ ដែល​គម្រោង​នេះ មានទឹកប្រាក់​ប្រមាណ​៣០០​លានដុល្លារ​អាមេរិក​​។ នេះ​បើតាម​សេចក្ដី​ប្រកាសព័ត៌មានរ​បស់ IFC ចេញផ្សាយ​​នៅថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។​

បើតាម ​IFC ឱ្យដឹងថា ក្រុមហ៊ុន​ពីរ​ដែល​បានចុះហត្ថលេខាជាមួយ​IFC មាន​ក្រុមហ៊ុន​កម្ពុជា Worldbridge Group និង​ក្រុមហ៊ុន​សិង្ហបុរី​ YCH Group ដែល​ទីតាំងយុទ្ធសាស្ត្ររបស់ មជ្ឈមណ្ឌលភស្តុភារទំនើប(​SuperPortTM ) នៅរាជធានីភ្នំពេញ ដែលជាចំណុចកណ្តាលនៃប្រទេស និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ខ្លួន ជាមួយនឹងការតភ្ជាប់ទៅកាន់គ្រប់មធ្យោបាយនៃការដឹកជញ្ជូន នឹងអាចឱ្យ SuperPortTM ក្លាយជាកន្លែងដឹកជញ្ជូនពហុទម្រង់ពេញលេញដំបូងបង្អស់របស់ប្រទេសកម្ពុជា។

សេចក្ដី​ប្រកាស​របស់​ IFC ឱ្យដឹងទៀតថា​ ដោយសារប្រទេសកម្ពុជាស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់មេគង្គ SuperPortTM អាចដើរតួជាមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្តុភារក្នុងតំបន់ ដែលរួមចំណែកដល់ការផ្លាស់ប្តូរផ្លូវពាណិជ្ជកម្មតាមប្រទេសកម្ពុជា។ ការណ៍នេះនឹងជួយកាត់បន្ថយការចំណាយលើផ្នែកភស្តុភារទាំងមូល ការកែលម្អប្រសិទ្ធភាពច្រវ៉ាក់ផ្គត់ផ្គង់ ដើម្បីធ្វើសមាហរណកម្មក្នុងតំបន់ និងជំរុញការប្រកួតប្រជែងរបស់កម្ពុជា ។

លោក​ Robert Yap ប្រធាន​ប្រតិបត្តិ​នៃក្រុមហ៊ុន​YCH Group ឱ្យដឹងថា ជាផ្នែកមួយនៃគំនិតផ្តួចផ្តើម SGConnect និងគម្រោងទីពីររបស់ខ្លួន Cambodia SuperPortTM នឹងលើកកម្ពស់ភាពប្រកួតប្រជែង និងភាពទាក់ទាញរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពហុទម្រង់លំដាប់ពិភពលោក ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច ។

លោក​បន្តថា​យើងមានទំនុកចិត្តថា Cambodia SuperPortTM នឹងក្លាយជាកម្លាំង  ចលករដ៏សំខាន់មួយក្នុងការជំរុញច្រវ៉ាក់ផ្គត់ផ្គង់ និងការតភ្ជាប់ភស្តុភារសម្រាប់អាស៊ាន និងក្រៅពីអាស៊ាន ជាមួយនឹងការប្រើប្រាស់បច្ចេកវិជ្ជាទំនើប និងដំណើរការល្អបំផុត ដើម្បីកែលម្អថ្លៃដើមនៃភស្តុភារ និងពេលវេលាទៅកាន់ទីផ្សារក៏ដូច“ជាការអភិវឌ្ឍទេពកោសល្យក្នុងស្រុក ដើម្បីលើកកំពស់ស្តង់ដារសម្រាប់ឧស្សាហកម្មភស្តុភារក្នុងប្រទេសកម្ពុជា» នេះជាប្រសាសន៍របស់លោក Robert Yap ប្រធានប្រតិបត្តិនៃក្រុមហ៊ុន YCH Group និងជាប្រធានក្រុមប្រឹក្សាប្រឹក្សាធុរកិច្ច​ អាស៊ានរបស់ប្រទេសសិង្ហបុរី។

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមហ៊ុនWorldBridge Group មានប្រសាសន៍ថា គ្រឿងបរិក្ខារនេះនឹងក្លាយជាការរួមចំណែកយ៉ាងសំខាន់ក្នុងការរីកចម្រើនរបស់ប្រទេសកម្ពុជា តាមរយៈការផ្តល់គ្រឿងបរិក្ខារសម្រាប់ការផលិតជំនាន់ក្រោយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយនឹងក្រុមហ៊ុន YCH Group ដឹកនាំគម្រោងនេះ យើងមានទំនុកចិត្តថាសមត្ថភាពរបស់ Cambodia SuperPortTM ជាមជ្ឈមណ្ឌលផលិតកម្មដែលមានតម្លៃបន្ថែមផ្នែកដឹកជញ្ជូននឹងលើកកំពស់ជំហររបស់ប្រទេសកម្ពុជានៅក្នុងតំបន់ ហើយនឹងរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ។

លោក Riccardo Puliti អនុប្រធាន សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (​IFC) ប្រចាំតំបន់់អាស៊ី​និ​ងប៉ាស៊ីហ្វិក​ មានប្រសាសន៍ថា ការអភិវឌ្ឍកំពង់ផែទំនើបលំដាប់ពិភពលោកតម្លៃរាប់លានដុល្លារនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកសេដ្ឋកិច្ចកម្ពុជា និងជំរុញការតភ្ជាប់នៅទូទាំងអាស៊ីអាគ្នេយ៍ ដោយផ្តល់នូវច្រវ៉ាក់ផ្គត់ផ្គង់កាន់តែលឿន និងមានប្រសិទ្ធភាពក្នុងតំបន់ ដែលចុងក្រោយផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ ។

អនុប្រធាន IFC ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិករូប​នេះ​ថ្លែងថា ភស្តុភារគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ហើយកំពង់ផែទំនើបនេះក៏នឹងគាំទ្រដល់ការរីកចម្រើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មអេឡិចត្រូនិក ហើយ IFC នឹងធ្វើការជាមួយដៃគូរបស់ខ្លួនដើម្បីលើកកម្ពស់ការផលិតដែលមានតម្លៃខ្ពស់នៅក្នុងតំបន់ ខណៈពេលដែលពង្រីកសមាហរណកម្មរបស់ខ្លួនទៅក្នុងច្រវ៉ាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មពិភពលោក ។

យោងតាមសេចក្ដី​ប្រកាស​របស់ក្រុមហ៊ុន YCH Group ឱ្យដឹងថា​គម្រោង​ មជ្ឈមណ្ឌល​ភស្តុភារ​ទំនើប​នេះ​មាន​ទឹក​ប្រាក់​ប្រមាណ៣០០លានដុល្លារ​អាមេរិក ដែល​វានឹង​ជួយជំរុញឱ្យវិស័យ​ដឹកជញ្ជូននៅក្នុង​ប្រទេស​កម្ពុជា​កាន់តែទំនើប​ និ​ងរីកចម្រើនទៅមុខ​កម្រិត​មួយទៀត​ ៕

អត្ថបទទាក់ទង