F-35 បង្ហាញវត្តមាននៅឥណ្ឌាជាលើកដំបូង
បរទេស៖យន្តហោះចម្បាំងF-35របស់សហរដ្ឋអាមេរិកចំនួន២គ្រឿងបានចូលរួមជាផ្នែកមួយនៃសមយុទ្ធយោធាទ័ពអាកាសមួយនៅរដ្ឋ Bengaluru ប្រទេសឥណ្ឌា ហើយកាន់តែគួរឲ្យចាប់អារម្មណ៍ក្នុងនោះយន្តហោះចម្បាំងរុស្ស៊ីថ្មីៗជាច្រើនគ្រឿងក៏មានវត្តមានអ្នកចូលរួមដូចគ្នាផងដែរ។
មន្ត្រីជាន់ខ្ពស់របស់កងកម្លាំងយោធាអាមេរិកលោក Michael Baker បានបញ្ជាក់ថាវត្តមានរបស់ F-35 នៅឥណ្ឌាលើកនេះមានគោលបំណងសំខាន់បំផុតដើម្បីអនុវត្តយុទ្ធសាស្ត្រជាដៃគូរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន និងរដ្ឋាភិបាលក្រុងញូវដេលីឲ្យកាន់តែប្រសើរឡើង។
ទោះបីជាយ៉ាងណាក្តី បច្ចុប្បន្នឥណ្ឌានៅមិនទាន់មានឈ្មោះជាសម្ព័ន្ធមិត្តរបស់អាមេរិកដែលនឹងទទួលបានសិទ្ធិក្នុងការបញ្ជាទិញយន្តហោះចម្បាំងនេះឡើយខណៈដែលឥណ្ឌាបានបន្តខិតខំចរចាបញ្ជាទិញនាពេលកន្លងមកក្តី។
កងម្លាំងទ័ពអាកាសរបស់ឥណ្ឌាបច្ចុប្បន្នត្រូវបានគេមើលឃើញថាមានប្រើប្រាស់តែជាមួយនឹងប្រភេទអាវុធយុទ្ធភណ្ឌចាស់ៗរបស់អតីតសហភាពសូវៀតដែលមានដូចជា Sukhoi Su-30 ចំនួន២៥០គ្រឿងរថក្រោះប្រភេទT-90ច្រើនម៉ូដេលនិងក៏ដូចជានាវាផ្ទុកយន្តហោះចម្បាំង INS Vikrama ចំនួន២គ្រឿងជាដើមផងដែរ។
គួររំលឹកដែរថា អាមេរិកបានប្រកាសលើកលែងទណ្ឌកម្មប្រឆាំងនឹងប្រទេសឥណ្ឌាកាលពីឆ្នាំ២០០១ ហើយក៏បានចាប់ផ្តើមផ្គត់ផ្គង់អាវុធឲ្យរដ្ឋាភិបាលក្រុងដេលីឡើងវិញផងដែរ ប៉ុន្តែគិតមកទល់ពេលនេះរុស្សីគឺជាអ្នកផ្គត់ផ្គង់អាវុធឲ្យឥណ្ឌាច្រើនជាងគេដល់ទៅ៤៦ភាគរយនៃអាវុធនាំចូល និងអាមេរិកផ្គត់ផ្គង់ត្រឹមតែ១២ភាគរយប៉ុណ្ណោះ៕