Close

មូលនិធិរូបិយវត្ថុអន្តរជាតិ ៖ សេដ្ឋកិច្ចកម្ពុជានឹងបន្តងើបឡើងវិញល្អប្រសើរសម្រាប់ឆ្នាំ២០២២ និង២០២៣

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានជាតិ
មូលនិធិរូបិយវត្ថុអន្តរជាតិ ៖ សេដ្ឋកិច្ចកម្ពុជានឹងបន្តងើបឡើងវិញល្អប្រសើរសម្រាប់ឆ្នាំ២០២២ និង២០២៣ មូលនិធិរូបិយវត្ថុអន្តរជាតិ ៖ សេដ្ឋកិច្ចកម្ពុជានឹងបន្តងើបឡើងវិញល្អប្រសើរសម្រាប់ឆ្នាំ២០២២ និង២០២៣

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីពេលថ្មីៗកន្លងទៅនេះបានលើកឡើងថា បើទោះបីជាមានបញ្ហាប្រឈមនានាពីកត្តាខាងក្រៅក៏ដោយ ប៉ុន្តែសម្រាប់សេដ្ឋកិច្ចនៃប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថានឹងបន្តងើបឡើងវិញល្អប្រសើរនាឆ្នាំ២០២២ និង២០២៣ ខាងមុខ។

កំណើនផលិតផលសរុបក្នុងស្រុក (GDP) ត្រូវបានគេព្យាករណ៍ថានឹងកើនឡើងចំនួន ៥ ភាគរយនៅឆ្នាំ ២០២២ ដោយសារការគាំទ្រពីការនាំចេញដ៏រឹងមាំកាលពីដើមឆ្នាំ ហើយនឹងបន្តកើនឡើងក្នុងអត្រា ៥,៥ ភាគរយនៅឆ្នាំ ២០២៣ ដែលត្រូវបានគាំទ្រដោយការបន្តការងើបឡើងវិញនៃវិស័យទេសចរណ៍ និងគោលនយោបាយជំរុញសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល បើទោះបីជាមានសម្ពាធចំនួនពីខាងក្រៅ។

អតិផរណាត្រូវបានរំពឹងថានឹងឡើងបន្តិចនៅឆ្នាំនេះ ធៀបនឹងឆ្នាំមុន ហើយនឹងធ្លាក់ចុះវិញនៅឆ្នាំ ២០២៣ ហើយនឹងធ្លាក់ចុះបន្ថែមទៀតនាឆ្នាំក្រោយទៀត។ ស្ថានភាពហិរញ្ញវត្ថុសាធារណៈត្រូវបានគេរំពឹងថានឹងប្រសើរឡើងជាបណ្តើរៗ។ ហានិភ័យនៃវិបត្តិបំណុលសាធារណៈនៅតែមានកម្រិតទាប ដែលស្ថិតក្នុងស្ថានភាពគ្រប់គ្រងបាន។ ដោយឡែក នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់ខែធ្នូ ឆ្នាំ២០២២ ធនាគារពិភពលោកព្យាករថា កម្ពុជាមានកំណើនសេដ្ឋកិច្ច ៤,៨ភាគរយនៅក្នុងឆ្នាំ២០២២ ក្នុងនោះការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយសម័យមានជំងឺរាតត្បាតមានសន្ទុះកើនឡើង មួយផ្នែកដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។

ឧស្សាហកម្មកាត់ដេរ ទំនិញធ្វើដំណើរ និងការនាំចេញស្បែកជើងរបស់កម្ពុជានៅរក្សាបានភាពស្វិតស្វាញរបស់ខ្លួន។ វិស័យសេវាកម្ម ជាពិសេសផ្នែកធ្វើដំណើរនិងទេសចរណ៍ មានដំណើរការបានល្អក្រោយពេលរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រ “រស់នៅជាមួយកូវីដ-១៩” នាចុងឆ្នាំ២០២១ ហើយចំនួនសរុបនៃការមកដល់របស់ភ្ញៀវអន្តរជាតិបានកើនឡើងជាលំដាប់ រហូតដល់ទៅ ១,២លាននាក់ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២២។ ទំនុកចិត្តរបស់ធុរកិច្ចនិងអ្នកប្រើប្រាស់បានកើនឡើង អមដោយការកើនឡើងនៃការវិនិយោគក្នុងប្រទេស និងពីក្រៅប្រទេសផងដែរ។

កំណើនសេដ្ឋកិច្ចត្រូវបានព្យាករថានឹងកើន ៥,២ភាគរយនៅឆ្នាំ២០២៣ ព្រោះថាកំណើននៃការជួលមនុស្សធ្វើការនឹងកាន់តែជួយដល់ការកើនឡើងនៃការទទួលទានប្រើប្រាស់ក្នុងស្រុក អមដោយការធ្លាក់ចុះនៃអតិផរណា។

លោកស្រី ម៉ារៀម ស័រមែន នាយិកាធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ មានប្រសាសន៍ថា ដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួនពីផលប៉ះទង្គិចពីការធ្លាក់ចុះនៃតម្រូវការនៅក្រៅប្រទេស កម្ពុជាគួរចាត់វិធានការដើម្បីពង្រឹងជំហរសារពើពន្ធរបស់ខ្លួន និងលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក ជាពិសេសឧស្សាហកម្មទេសចរណ៍ដ៏ទាក់ទាញរបស់ខ្លួនសម្រាប់ពិភពលោក។

លោកស្រី ស័រមែន ថ្លែងបន្តថា៖ «ប្រាក់ចំណូលបានកើនឡើង ដោយសារការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងភាពប្រសើរឡើងនៃផ្នែករដ្ឋបាល។ ការពង្រីកមូលដ្ឋានពន្ធនឹងជួយធានាបាននូវធនធានចាំបាច់សម្រាប់លើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងសម្រាប់ទប់ទល់សភាពការណ៍នៅពេលមានការធ្លាក់ចុះសេដ្ឋកិច្ចក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗ។ វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច គឺជាផ្នែកដ៏មានសក្ដានុពលសម្រាប់កំណើនទៅថ្ងៃមុខ»។

ឆ្ពោះទៅអនាគតវែងឆ្ងាយ សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេរំពឹងថានឹងបន្តឈានទៅដល់អត្រាកំណើនប្រហែល ៦ភាគរយ នៅពេលដែលទេសចរណ៍អន្តរជាតិ និងក្នុងស្រុកបង្កើនអនុភាពកាន់តែរឹងមាំ។ ការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ ក៏អាចជំរុញវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃកសិផល ឱ្យកាន់តែមានសន្ទុះឡើងទៀតដែរ៕

អត្ថបទទាក់ទង