យោធាអ៊ុយក្រែនជាង ១០០នាក់ចាប់ផ្តើមហ្វឹកហាត់ការប្រើប្រាស់រថក្រោះ Leopard នៅប៉ូឡូញ
បរទេស ៖ អស់រយៈពេលជាងមួយសប្តាហ៍មកហើយដែលយោធារបស់ប្រទេសអ៊ុយក្រែនសរុបប្រមាណ១០៥នាក់បានកំពុងតែធ្វើការហ្វឹកហាត់ការប្រើប្រាស់រថក្រោះប្រភេទ Leopard 2 នៅក្នុងប្រទេសប៉ូឡូញ។
ព័ត៌មានច្បាស់ការនេះត្រូវបានធ្វើការលើកឡើងដោយមេបញ្ជាការជាន់ខ្ពស់របស់ប្រទេសអ៊ុយក្រែនម្នាក់ដែលក្នុងនោះលោកបានបន្ថែមទៀតថាក្នុងចំណោមនោះមានអ្នកបើកបររថក្រោះចំនួន២១នាក់ព្រមទាំងយោធាជំនាញបច្ចេកទេស និងជួសជុលរថក្រោះផ្សេងទៀតផងដែរ។
មន្ត្រីយោធារូបដដែលនេះបានបញ្ជាក់ទៀតថា នៅប៉ូឡូញកងកម្លាំងយោធាអ៊ុយក្រែនទាំងអស់បានធ្វើការហ្វឹកហាត់ក្នុងរយៈពេលចន្លោះពី១០ទៅ១២ម៉ោងក្នុងមួយថ្ងៃជាមួយនឹងរថក្រោះប្រភេទ Leopard 2 ដែលជារថក្រោះធ្លាប់បានសន្យាផ្គត់ផ្គង់ឲ្យពីសំណាក់ប្រទេសកាណាដាផងដែរ។
លោកបន្តថាការហ្វឹកហាត់នឹងអាចអូសបន្លាយរយៈពេលសរុបជាង១ខែ ហើយជឿជាក់ថានឹងក្រុមកងកម្លាំងយោធាបន្ថែមថ្មីៗជាច្រើនទៀតនឹងត្រូវធ្វើដំណើរមកលដល់ប្រទេសប៉ូឡូញផងដែរ។
គួររំលឹកដែរថា កាលពីខែមុនរដ្ឋាភិបាលប្រទេសអាល្លឺម៉ង់បានប្រកាសបើកភ្លើងខៀវឲ្យក្រុមប្រទេសអ្នកប្រើប្រាស់រថក្រោះប្រភេទ Leopard ដែលផលិតនៅអាល្លឺម៉ង់នេះអាចធ្វើការចែកចាយ និងផ្គត់ផ្គង់ទៅឲ្យប្រទេសអ៊ុយក្រែនបានដោយក្នុងនោះប៉ូឡូញក៏បានសន្យាបញ្ជូនរថក្រោះប្រមាណជា១៤គ្រឿងផងដែរ៕