ក្រុមហ៊ុនបច្ចេកវិទ្យា Yahoo ប្រកាសកាត់បន្ថយបុគ្គលិកជាង ២០ភាគរយ
បរទេស៖ ក្រុមហ៊ុនផលិតសេវាកម្មបច្វេកវិទ្យា និងកម្សាន្តដ៏ល្បីកាលពីជាង ១០ឆ្នាំមុន Yahoo នៅពេលនេះបានប្រកាសកាត់បន្ថយបុគ្គលិកច្រើនជាង ២០ភាគរយនៃកម្លាំងពលកម្មសរុប ដែលនេះជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ក្រោយពេលបាត់បង់ប្រាក់ចំណូលជាច្រើនឆ្នាំជាប់ៗគ្នា។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃចុងសប្ដាហ៍កន្លងមកនេះបានឱ្យដឹងថា ក្រុមការងារបច្ចេកទេសនឹងរងផលប៉ះពាល់ខ្លាំងជាងគេ នៅក្នុងយុទ្ធនាការកាត់បន្ថយបុគ្គលិកនេះ ដោយនៅក្នុងសប្ដាហ៍នេះ មានបុគ្គលិកប្រមាណ ១,០០០នាក់នៅក្នុងក្រុមបច្ចេកវិទ្យាត្រូវបានកាត់បន្ថយ។
ក្រុមហ៊ុន Yahoo បច្ចុប្បន្នជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Apollo Global Management ដែលបានទិញកាលពីឆ្នាំ ២០២១ ក្នុងតម្លៃ ៥ពាន់លានដុល្លារ និងបច្ចុប្បន្នបានផ្ដោតសំខាន់លើការវិនិយោគ និងពាណិជ្ជកម្ម ដូច្នេះហើយទើបក្រុមហ៊ុនបានរុះរើរចនាសម្ព័ន្ធ និងរៀបចំក្រុមហ៊ុនឡើងវិញ ដោយមានការកាត់បន្ថយបុគ្គលិកនៅផ្នែកមួយចំនួនដែលមិនសូវមានតម្រូវការ។
គួរបញ្ជាក់ផងដែរថា Yahoo ត្រូវបានបង្កើតឡើងដោយលោក Jerry Yang និង David Filo នៅឆ្នាំ១៩៩៤ ដោយកាលពីជាង ១០ឆ្នាំមុនគឺទទួលបាននូវប្រជាប្រិយភាពខ្លាំងទៅលើការផ្ដល់សេវាកម្មអ៊ីម៉េល , សារជជែកកម្សាន្ត និងជាពិសេសគឺការស្វែងរកទិន្នន័យ (Search) ប៉ុន្តែចាប់តាំងពី Google ចាប់ផ្ដើមពង្រីកសវាកម្ម Search និង Gmail បានធ្វើឱ្យ Yahoo ស្ទើតែបាត់មុខពីពិភពអ៊ីនធើណែត៕