Close

ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលបាននឹងកំពុងជួយលើកស្ទួយជីវភាពសហគមន៍មូលដ្ឋានតាមរយៈវិស័យទេសចរណ៍

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលបាននឹងកំពុងជួយលើកស្ទួយជីវភាពសហគមន៍មូលដ្ឋានតាមរយៈវិស័យទេសចរណ៍ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលបាននឹងកំពុងជួយលើកស្ទួយជីវភាពសហគមន៍មូលដ្ឋានតាមរយៈវិស័យទេសចរណ៍

ភ្នំពេញ៖ ឧទ្យានជាតិភ្នំក្រវាញកណ្តាល គ្របដណ្តប់លើផ្ទីដី ៤០១.៣១៣ ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្ត កោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ បាននឹងកំពុងជួយលើកស្ទួយជីវភាពសហគមន៍មូលដ្ឋានតាមរយៈវិស័យទេសចរណ៍តាមរយៈការទស្សនា និងគយគន់ទេសភាពដ៏ស្រស់បំព្រង។

ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលមានព្រៃឈើជាច្រើនប្រភេទដូចជា ព្រៃស្រោង ព្រៃកណ្តាលស្រោង ព្រៃល្បោះ ព្រៃឫស្សី វាលស្មៅ ជ្រលងភ្នំ ទឹកធ្លាក់ ស្ទឹង ត្រពាំង អូរ ដែលក្នុងនោះមានវត្តមានប្រភេទរុក្ខជាតិ (រួមទាំងរុក្ខជាតិក្រវាញដែលជាប្រភេទដើមធនធានសេនេទិកក្រវាញមានដុះតែក្នុងតំបន់នេះប៉ុណ្ណោះ) និងសត្វព្រៃជាច្រើនប្រភេទ (ដំរី ខ្ទីង ក្រពើភ្នំ កែះ ទន្សោង ខ្លា ខ្លាឃ្មុំ ពស់ថ្លាន់ ពស់វែក ជាដើម) និងប្រភេទមច្ឆាជាតិ (ជាពិសេសត្រីតាពក ឬត្រីនាគ)។

ធនធានទាំងនេះបានធ្វើឱ្យតំបន់ជាឃ្លាំងស្តុកសេនេទិកយ៉ាងសម្បូរបែប ដែលមានតម្លៃជាអន្តរជាតិ និងជាតំបន់អភិរក្សជីវចម្រុះដ៏សំខាន់បំផុតមួយ និងមានតួនាទីផ្នែកសេវាកម្មប្រព័ន្ធអេកូឡូស៊ី ធនធានធម្មជាតិ និងជីវចម្រុះ ព្រមទាំងធនធានវប្បធម៌ ជំនឿ សិក្សាស្រាវជា្រវវិទ្យាសាស្រ្ត ជាពិសេសសេវាកម្មឥណទានកាបូនសម្រាប់ប្រតិបត្តិការការពារបរិស្ថាន ការអភិរក្ស ការគ្រប់គ្រងធនធានធម្មជាតិ និងលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន។

ជួរភ្នំក្រវាញមានតំបន់ទេសភាពស្រស់ស្អាត គួរឱ្យគយគន់ជាច្រើន មានដូចជា តំបន់ខ្នងផ្សា ភ្នំច្រមុះបារាំង ភ្នំព្រះ ខ្នងក្រពើ ភ្នំខ្នងវាល ភ្នំទំព័រ ភ្នំខ្នងសំពៅ ភ្នំម្រេចកង្កែប វាលតាសាច់ស តំបន់ទឹកធ្លាក់ឆាយយោង ឆាយតាហ៊ីង ឆាយ១០០ ស្ទឹងពង្រូល ជីផាត ទឹកធ្លាក់ស្ទឹងកែប ទឹកធ្លាក់ឆាយសន្ទរ តំបន់អារ៉ែង ខ្នងវាល ភ្នំ១៥០០ ព្រមទាំងបុប្ផាលាក់ខ្លួន (តំបន់អន្ទង់អាំង) ជាដើម (សូមមើលរូបភាព) ដែលជាតំបន់សក្តានុពលអេកូទេសចរណ៍ដ៏ទាក់ទាញបំផុត នៅស្រុកខ្មែរ។

កាលពីឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានបញ្ចូលឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល និងក្រវាញខាងត្បូង ជាឧទ្យានជាតិតែមួយ ដែលមានផ្ទៃដី ប្រមាណជាង ជិត១លាន ហិកតា ក្លាយជាឧទ្យានជាតិធំជាងគេ នៅតំបន់អាស៊ានទាំងមូល។ រាជរដ្ឋាភិបាលបាននឹងកំពុងគ្រង់គ្រង និងអភិរក្សដោយ មិនអាចបណ្តោយឱ្យឧទ្យានជាតិជួរភ្នំក្រវាញដ៏ស្រស់ស្អាត និងមានតម្លៃមហាសាល ដែលជាមរតកដ៏ថ្លៃថ្លា ត្រូវបានបំផ្លាញដោយការកាប់ទន្រ្ទានយកដី ការកាប់ឈើ និងការបរបាញ់ខុសច្បាប់បានឡើយ៕

អត្ថបទទាក់ទង