អ្នកភូមិដែលមានទីលំនៅតាមដងស្ទឹងសង្កែស្ថិតនៅឃុំឈើទាលកំពុងប្រើប្រាស់ដីជំរាលដាំដំណាំបន្លែចម្រុះ ដើម្បីបង្កើនចំណូល

បាត់ដំបង៖ ក្រៅពីមុខរបរធ្វើស្រែចម្ការ អ្នកភូមិដែលមានទីលំនៅ តាមដងស្ទឹងសង្កែ ជាពិសេស ក្នុងភូមិខ្សាច់ពោយ និងភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ នៃខេត្តបាត់ដំបង បានកំពុងប្រើប្រាស់ដីជំរាលស្ទឹងសង្កែ ដើម្បីដាំដំណាំបន្លែចម្រុះ (ដំណាំរយៈពេលខ្លី) ហើយបន្លែស្អំ ជាដំណាំពេញនិយមជាងគេនៅតំបន់នេះ ។
ជាទូទៅ អ្នកភូមិដំាបន្លែទាំងនោះ នៅកំឡុងរដូវប្រាំង ពីព្រោះកម្រិតទឹកស្ទឹងសង្កែទាប ថ្លាល្អ រួមទាំងដីមានជីវជាតិផងដែរ ដែលអាចបង្កើតឱ្យមានទស្សនីភាពខៀវស្រស់ស្រកាលទាក់ទាញភ្ញៀវទេសចរ ដែលធ្វើដំណើរឆ្លងកាត់តំបន់នោះ។
ក្រៅពីជួយបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាកសិករ ទិដ្ឋភាពបៃតងនៃផលដំណាំ បន្លែ រួមជាមួយទឹកស្ទឹងសង្កែ រាក់ ថ្លាល្អ ជំនោរខ្សល់ត្រជាក់នារដូវលំហើយ បាននឹងកំពុងក្លាយជាផលិតផលទេសចរណ៍តាមរដូវកាលដ៍ទាក់ទាញមួយផងដែរ ក្នុងស្រុកបាណន់ នៃខេត្តបាត់ដំបង ។

ជារៀងរាលថ្ងៃ អ្នកដឹកភ្ញៀវ (តុត តុក) និង មគ្គុទ្ទេសក៍ទេសចរ មុននឹងទៅដល់រមណីយដ្ឋានប្រាសាទបាណន់ ពួកគេតែងឆ្លៀតនាំភ្ញៀវទេសចរ (ពិសេសទេសចរអន្តរជាតិ) ជិះមើលផលដំណាំ បន្លែ ដើរតាត់ស្ពានយោល ដើម្បីឲ្យភ្ញៀវទេសចរបានផ្តិតយករូបភាពស្អាតៗ និងស្វែងយល់ពីការរស់នៅរបស់ប្រជាជនជនបទផងដែរ។
ទិដ្ឋភាពបៃតង នៃផលដំណាំបន្លែ តាមដងស្ទឹងសង្កែទាំងនោះ ក៍បានធ្វើអោយមានភាពងាយស្រួល ដល់អ្នករៀបចំកញ្ចប់ទស្សនកិច្ច ក្នុងការធ្វើឲ្យមានភាពសំបូរបែប (make a difference)នៃសេវាកម្មរបស់ខ្លួន ក្នុងខេត្តបាត់ដំបង ដើម្បីធ្វើអោយទេសចរ ទទួលបានបទពិសោធន៍ថ្មីៗ អារម្មណ៍ស្រស់ស្រាយ ការចងចាំល្អ ពេលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញផងដែរ៕







