Close

បច្ចេកវិទ្យាថាមពលកកើតឡើងវិញរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
បច្ចេកវិទ្យាថាមពលកកើតឡើងវិញរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម បច្ចេកវិទ្យាថាមពលកកើតឡើងវិញរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម

ភ្នំពេញ៖ ថាមពលកកើតឡើងវិញ គឺជាថាមពលទាំងឡាយណាដែលទាញយកបានពីធម្មជាតិអាចកកើតឡើងវិញជាប្រចាំដូចជា ថាមពលបានពីពន្លឺព្រះអាទិត្យ កម្លាំងខ្យល់ កម្លាំងទឹកហូរ កម្លាំងរលកសមុទ្រ ជីវឥន្ធនៈ ជីវម៉ាស ជីវឧស្ម័ន និងកម្តៅផែនដី។ល។ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម។

នៅកម្ពុជា ថាមពលពន្លឺព្រះ អាទិត្យមានសក្កានុពល និងសមស្របបំផុតដែលអាចប្រើប្រាស់បានដោយចីរភាព និងប្រកប ដោយសុវត្ថិភាពតាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាសមស្របក្នុងការស្រូបយកថាមពលពីពន្លឺព្រះ អាទិត្យដើម្បីផលិតអគ្គិសនីបម្រើក្នុងផលិតកម្មកសិកម្មតាមរយៈឧបករណ៍មួយចំនួនដូចជាផ្ទាំងសូឡា ឧបករណ៍គ្រប់គ្រង និងត្រួតពិនិត្យអគ្គិសនី និងអាគុយសម្រាប់ផ្ទុកអគ្គិសនីជាដើម។

ដោយយល់ច្បាស់ពីតម្រូវការនេះ មានឧបករណ៍កសិកម្មប្រើថាមពលព្រះអាទិត្យមួយចំនួនដែលមានសក្ដានុពលធន់ទៅនឹងការប្រែប្រួលអាកាស ធាតុ មានប្រសិទ្ធភាព រួមចំណែកកាត់បន្ថយថ្លៃដើមក្នុងការផលិត និងកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស និងជាពិសេសចូលរួមកាត់បន្ថយការចំណាយលើការប្រើប្រាស់ថាមពលប្រេងឥន្ធនៈ និងធ្យូងថ្ម ដែលគ្មាននិរន្តរភាព និងសុវត្ថិភាព។

ឧបករណ៍ទាំងនោះរួមមាន៖ ១. ម៉ូទ័របូមទឹកប្រើថាមពលព្រះអាទិត្យ (Solar Water Pump) សម្រាប់ស្រោចស្រពដំណាំជាលក្ខណ:គ្រួសារ។ ម៉ូទ័រនេះផ្តល់ផលប្រយោជន៍ដូចជា ដំឡើងផ្ទាំងសូឡាទៅតាមកម្លាំងម៉ាស៊ីនបូមទឹកចាប់ពី ២-៥ ម៣/ម៉ោង, អាចប្រើប្រាស់បូមទឹកពីស្រះ អណ្តូង ឬប្រភពទឹកធម្មជាតិក្នុងជម្រៅចាប់ពី ១៥-២០ម៉ែត្រ, ទាញយកថាមពលព្រះអាទិត្យនៅពេលថ្ងៃសម្រាប់បូមទឹក, មានអាយុកាលប្រើប្រាស់ចាប់ពី ១០-១៥ ឆ្នាំ និងកាត់បន្ថយការចំណាយជួសជុល និងថែទាំ nig មិនចំណាយថវិកាជាប្រចាំថ្ងៃ និងកាត់បន្ថយកម្លាំងពលកម្ម។

ទូភ្ញាស់ស៊ុតមាន់ប្រើថាមពលព្រះអាទិត្យ (Solar Egg Incubator) មានដូជា ប្រើប្រាស់ថាមពលព្រះអាទិត្យភ្ជាប់ជាមួយផ្ទាំងសូឡា និងអាគុយសម្រាប់យកភ្លើងទៅបើកអំពូលកំដៅពងមាន់ក្នុងសីតុណ្ហភាពជាមធ្យម ៣៧,៥ អង្សារសេ និងសំណើម ៦៥% , កាត់បន្ថយការចំណាយប្រតិបត្តិការ និង អាចបង្កើនការភ្ញាស់ចាប់ពី ៣០០-១០០០ពង ក្នុងរយ:ពេល២១ថ្ងៃតាមទំហំទូរភ្ញាស់។

ទូហាលសម្ងួតប្រើថាមពលព្រះអាទិត្យ (Solar Dryer) សម្រាប់ហាលសម្ងួតត្រី សាច់ បន្លែ និងផ្លែឈើ ដែលអាចរក្សាគុណភាព និងអនាម័យ ដែលអាច ស្រូបយកកំដៅព្រះអាទិត្យសម្រាប់ហាលសម្ងួតចាប់ពី ៦០-៨០ អង្សាសេ និងបំពាក់ផ្ទាំងសូឡា សម្រាប់បង្វិលកង្ហារឱ្យមានខ្យល់ចេញចូលស្ងួតក្រៀមបានល្អ, ប្រើប្រាស់ផ្លាស់ស្ទិចបិទជិត និងអាចផ្លាស់ប្តូរទីតាំងបាន និង មានអនាម័យល្អដោយមិនមានរុយ ឬសត្វល្អិតចូលបាន។

ដើម្បីរួមចំណែកកាត់បន្ថយចំណាយក្នុងផលិតកម្ម ការប្រែប្រួលអាកាសធាតុ និងការបំពុល បរិស្ថានដោយការបំភាយឧស្ម័នផ្ទះកញ្ចក់ ការបញ្ជ្រាបការប្រើប្រាស់បច្ចេកវិទ្យាថាមពលកកើតឡើងវិញទៅក្នុងផលិតកម្មកសិកម្ម ក៏ដូចជាការកែច្នៃកសិផល គឺជាជម្រើសដ៏ប្រសើរបំផុត។ ប្រទេសទាំងអស់លើពិភពលោកបានចាត់ទុកបច្ចេកវិទ្យាថាមពលកកើតឡើងវិញ គឺជាថាមពល បៃតង ឬថាមពលស្អាតដែលត្រូវលើកកម្ពស់ទាំងអស់គ្នា៕

អត្ថបទទាក់ទង