ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ៖ សេដ្ឋកិច្ចកម្ពុជា កំពុងស្ថិតនៅលើវិថីនៃការផ្លាស់ប្តូរ ពីឧស្សាហកម្មអតិពលកម្ម មកជាឧស្សាហកម្មផ្អែកលើជំនាញ
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថាសេដ្ឋកិច្ចកម្ពុជា កំពុងស្ថិតនៅលើវិថីនៃការផ្លាស់ប្តូរ ពីឧស្សាហកម្មអតិពលកម្ម មកជាឧស្សាហកម្មផ្អែកលើជំនាញ និង បន្តឈានទៅអភិវឌ្ឍជាឧស្សាហកម្មទំនើប ដែលផ្អែកជាសំខាន់ លើមូលដ្ឋានបច្ចេកវិទ្យា និង ចំណេះដឹង ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងបែបនេះ ធ្វើឡើងនៅកម្មវិធីសម្ពោធជាផ្លូវការ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្រោម ប្រធានបទ “អភិវឌ្ឍជំនាញ, អភិវឌ្ឍអាជីវកម្ម, អភិវឌ្ឍខ្លួនយើងទាំងអស់គ្នា” នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសង្កត់ធ្ងន់ថា៖«ស្ថិតក្នុងបរិការណ៍នេះ, ការអភិវឌ្ឍជំនាញ ដើរតួនាទីកាន់តែសំខាន់ ក្នុងការលើកកម្ពស់សមត្ថភាព, ភាពប្រកួតប្រជែង និង កម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាបំពេញតម្រូវការ ដ៏ធំធេងនៃកម្លាំងពលកម្មជំនាញ, ទាំងកម្រិតទាប, មធ្យម, និង ខ្ពស់, ឱ្យត្រូវនឹងតម្រូវការ របស់វិនិយោគិន, ទាំងគុណភាព និង បរិមាណ »។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បន្ថែមថា៖«ការណ៍នេះ ទាមទារឱ្យមានការចូលរួម យ៉ាងសកម្ម និង ក្នុងស្មារតីបុរេសកម្ម ពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់, ទាំងផ្នែកផ្គត់ផ្គង់ និង ផ្នែកដែលមានតម្រូវការ, ជាពិសេស វិស័យឯកជន, ដើម្បីរួមកម្លាំងជាធ្លុងមួយ ដែលមានលក្ខណៈប្រទាក់ក្រឡា និង បំពេញឱ្យគ្នាទៅវិញទៅមក ក្នុងគោលដៅសម្រេច បាន នូវគោលដៅយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាល បានដាក់ចេញ» ។
បើតាម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងស្មារតីបុរេសកម្ម និង ឆ្លើយតបនឹងការទទូចស្នើសុំពីដៃគូពាក់ព័ន្ធ, ជាពិសេស វិស័យឯកជន និង ដៃគូអភិវឌ្ឍន៍, រាជរដ្ឋាភិបាលបានធ្វើការសិក្សា និង វាយតម្លៃពី ស្ថានភាពតម្រូវការ និង ការផ្គត់ផ្គង់ នៅក្នុងប្រព័ន្ធអេកូឡូស៊ីជំនាញ ជាមួយដៃគូអភិវឌ្ឍន៍, វិស័យឯកជន និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដោយផ្អែកលើនិន្នាការ និង និយាមជាអន្តរជាតិ និង ក្នុងតំបន់ ដោយគួបផ្សំនឹងបរិបទកម្ពុជាផ្ទាល់ ផងដែរ ។
ជាលទ្ធផល, រាជរដ្ឋាភិបាលបានផ្តួចផ្តើមបង្កើត និង អនុវត្តគម្រោងសាកល្បងនៃយន្តការគ្រប់គ្រង មូលនិធិអភិវឌ្ឍន៍ ជំនាញនេះ កាលពីខែ មីនា ឆ្នាំ ២០១៨ ក្នុងគោលបំណងធ្វើតេស្តសាកល្បងនូវយន្តការ ថ្មី ដែលមានលក្ខណៈនវានុវត្តន៍ ដើម្បីកៀរគរ, គ្រប់គ្រង និង បែងចែកធនធាន, ទាំង ហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ, សំដៅចូលរួមដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន (Funding Gap) និង បញ្ហាកង្វះជំនាញ (Skills Gap) ក្នុងគោលបំណងពង្រឹងគុណភាព និង ពង្រីកវិសាលភាពនៃការអភិវឌ្ឍជំនាញ ឱ្យត្រូវនឹងតម្រូវការរបស់វិស័យឯកជន និង ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈយន្តការចែករំលែកថ្លៃ និង ការចូលរួមបណ្តុះ- បណ្តាលដោយផ្ទាល់ ពីសំណាក់វិស័យឯកជន ។
បន្ទាប់ពីត្រូវបានអនុវត្ត អស់រយៈពេល ៥ ឆ្នាំកន្លងទៅ ដោយទទួលបានទំនុកចិត្ត ខ្ពស់ ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ, វិស័យឯកជន និង ដៃគូអភិវឌ្ឍន៍, រាជរដ្ឋាភិបាល បាន សម្រេច ប្រែក្លាយ គម្រោងសាកល្បងនេះ ទៅជាស្ថាប័នអចិន្ត្រៃយ៍ ដែលមានលក្ខណៈ ជាបរធនបាល (Trust Fund) ក្រោមឈ្មោះថា «មូលនិធិអភិវឌ្ឍន៍ជំនាញ, ហៅកាត់ ថា ម.អ.ជ. ឬ SDF, តាមរយៈអនុក្រឹត្យលេខ ៩៧ អនក្រ.បក ចុះថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៣ ដែលមានក្រុមប្រឹក្សាបរធនបាល ជាតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និង វិស័យឯកជន និង មានអង្គភាពប្រតិបត្តិដឹកនាំច្បាស់លាស់ ដោយមាននាយកប្រតិបត្តិ មួយរូប ដឹកនាំក្រុមការងារ ទទួលបន្ទុកបំពេញកិច្ចការប្រចាំថ្ងៃដោយផ្ទាល់ ជាមួយវិស័យ ឯកជន និង ដៃគូពាក់ព័ន្ធ ដែលមានតម្រូវការជំនាញ ។
ជាមួយគ្នានោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់បន្ថែមថា មូលនិធិអភិវឌ្ឍន៍ជំនាញ (ម.អ.ជ.) គឺជាយន្តការ បំពេញបន្ថែម លើកិច្ចប្រឹងប្រែង របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដោយ ម.អ.ជ. ដើរតួនាទី ជាថ្នាល ក្នុងការទាក់ទាញឱ្យផ្នែកដែលមានតម្រូវការជំនាញ, ពោលគឺ វិស័យឯកជន, ចាប់ដៃគ្នា និង បង្កើតកិច្ចសហការជាមួយផ្នែកផ្គត់ផ្គង់, ពោលគឺ គ្រឹះស្ថានបណ្តុះបណ្តាល ដែលមានគុណភាព, ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មជំនាញ ទាំងបរិមាណ និង គុណភាព, សំដៅឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ទាំងក្នុង បច្ចុប្បន្ន និង ទៅអនាគត ។
ផ្អែកលើបទពិសោធន៍ ៥ ឆ្នាំកន្លងមកនេះ, ម.អ.ជ. បានលើកទឹកចិត្ត និង ផ្តល់ ការគាំទ្រ, ទាំងផ្នែកបច្ចេកទេស និង ហិរញ្ញវត្ថុ, ដែលអនុញាតិឱ្យគ្រឹះស្ថានបណ្តុះបណ្តាល, ទាំងរដ្ឋ ឯកជន និង អង្គការមិនមែនរាជរដ្ឋាភិបាល, មានលទ្ធភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយវិស័យឯកជន ក្នុងការរៀបចំ និង ការអនុវត្តកម្មវិធីបណ្ដុះ- បណ្តាល ដែលត្រូវនឹងតម្រូវការទីផ្សារការងារជាក់ស្តែង ក៏ដូចជាការទាក់ទាញ និង ការ- ជំរុញការវិនិយោគ ក្នុងវិស័យអាទិភាពនានា របស់រាជរដ្ឋាភិបាល រួមមាន ៖ វិស័យ ទេសចរណ៍, វាយនភណ្ឌ និង កាត់ដេរ, ឌីជីថល, យានយន្ត, អេឡិកត្រូនិក, និង សំណង់ ជាដើម ៕