Close

ប្រទេសអ៊ីស្រាអែលរងការចោទពាក់ព័ន្ធនឹងសម្លាប់ជនស៊ីវិលប៉ាឡេស្ទីន

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
ប្រទេសអ៊ីស្រាអែលរងការចោទពាក់ព័ន្ធនឹងសម្លាប់ជនស៊ីវិលប៉ាឡេស្ទីន ប្រទេសអ៊ីស្រាអែលរងការចោទពាក់ព័ន្ធនឹងសម្លាប់ជនស៊ីវិលប៉ាឡេស្ទីន

បរទេស៖ ប្រទេសអ៊ីស្រាអែលរងនូវការចោទប្រកាន់ពីការវាយប្រហារដោយយន្តហោះ សម្លាប់ជនស៊ីវិលជនជាតិប៉ាឡេស្ទីនជាច្រើននាក់ ដែលមិនពាក់ព័ន្ធនឹងក្រុមប្រដាប់អាវុធហាម៉ាស់ និង មិនមានការគំរាមកំហែងដល់កងកម្លាំងយោធារបស់ប្រទេសអ៊ីស្រាអែល។ នេះ បើតាមការចុះផ្សាយរបស់សារព័ត៌មាន BCC នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ ដែលបានស្រងសំដីសាក្សីឃើញផ្ទាល់ភ្នែក ។

ការចោទប្រកាន់មកលើប្រទេសអ៊ីស្រាអែលនេះ ធ្វើឡើង បន្ទាប់ពីគេរកឃើញ មានបុរស ៧ នាក់ ដែលក្នុងនោះ ៤ នាក់ជាបងប្អូននឹងគ្នា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់ប្រទេស អ៊ីស្រាអែលនៅព្រឹកព្រលឹមថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៤ ខណៈដែលពួកគេអង្គុយជុំវិញភ្នក់ភ្លើងនៅក្បែរផ្លូវកាត់ភូមិ al-Shuhada ចម្ងាយ ១០ គីឡូម៉ែត្រពីទីក្រុង Jenin ។

សាច់ញាតិរបស់បុរសដែលត្រូវបានសម្លាប់ ដែលជាសាក្សីឃើញផ្ទាល់ភ្នែកដែលកំពុងរស់នៅក្នុងតំបន់នោះ និងគ្រូពេទ្យនៅកន្លែងកើតហេតុ បានប្រាប់សារព័ត៌មាន BBC ថា បុរសទាំងនេះ ជាជនស៊ីវិល ហើយបានផ្តល់ភ័ស្តុតាងរឹងមាំដែលថាបុរសទាំងនោះមិនមែនជាសមាជិកនៃក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធទេ ហើយថាគ្មានការប៉ះទង្គិចជាមួយកងកម្លាំងអ៊ីស្រាអែលកំពុងកើតឡើងនៅទីតាំងនោះនៅពេលនោះដែរ ។

នៅពេលនោះ កងកម្លាំងការពារអ៊ីស្រាអែល (IDF)បានចេញសេចក្តីថ្លែងការណ៍មួយដោយបាននិយាយថា «ក្នុងអំឡុងពេលប្រតិបត្តិការ យន្តហោះមួយបានវាយប្រហារក្រុមភេរវករ ដែលបានគប់គ្រាប់បែកដាក់កងកម្លាំងដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់»។

វីដេអូទាំងពីរបស់ IDF និងកាមេរ៉ា CCTV ដែលនៅក្បែរនោះ មិនបង្ហាញភស្តុតាងច្បាស់លាស់ណាមួយនៃការប្រឈមមុខដាក់គ្នាជាមួយប៉ាឡេស្ទីននៅ ភូមិ al-Shuhada នៅពេលកម្មនោះទេ។

រីឯបងប្អូនទាំងបួននាក់ ដែលត្រូវបានសម្លាប់ដោយប្រទេសអ៊ីស្រាអែល គឺមានឈ្មោះ Alaa, Hazza, Ahmad, និង Rami Darweesh ដែល មានអាយុចន្លោះពី ២២ ទៅ ២៩ ឆ្នាំ។ ពួកគេជាជនអន្តោប្រវេសន៍ប៉ាឡេស្ទីនដែលបានត្រឡប់មកពីប្រទេសហ្សកដានីវិញជាមួយម្តាយនិងបងប្អូនប្រាំនាក់ ប៉ុន្មានឆ្នាំមុន ៕

អត្ថបទទាក់ទង