Close

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ សង្គ្រាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាសនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ សង្គ្រាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាសនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ សង្គ្រាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាសនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយកាលពីថ្ងៃចន្ទថា ដំណាក់កាល នៃសង្គ្រាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាសនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែ លោកបានច្រានចោលចំពោះបទឈប់បាញ់។

នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Yoav Gallant បាននិយាយថា “ដំណាក់កាលធ្វើសមយុទ្ធដ៏ខ្លាំងក្លា” ដែលយោធាអ៊ីស្រាអែលកំពុងអនុវត្តនៅតំបន់ហ្គាហ្សាភាគខាងត្បូង នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ” ខណៈថ្មីៗនេះ យោធារបស់ខ្លួន បានបញ្ចប់ប្រតិបត្តិការនៅភាគខាងជើងនៃតំបន់ហ្គាហ្សា។
លោក Gallant បាននិយាយទៀតថា អ៊ីស្រាអែលមិនអាចបញ្ឈប់ទាំងស្រុងនូវប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាបានទេ ដោយសារតែក្រុមហាម៉ាសមិនទាន់យល់ព្រមដោះលែងចំណាប់ខ្មាំងបន្ថែមទៀត ។
ការអត្ថាធិប្បាយរបស់លោក Gallant បានកើតមានឡើងនៅពេលដែលក្រុមហាម៉ាស់បានប្រកាសពីការសម្លាប់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលពីរនាក់បន្ថែមទៀត ដែលខ្លួនបានចាប់ពង្រត់ក្នុងអំឡុងពេលការវាយប្រហារកាលពីខែតុលា។

នៅក្នុងវីដេអូមួយ ដែលក្រុមហាម៉ាស់បានចេញផ្សាយកាលពីថ្ងៃចន្ទ ក្រុមនេះបានបង្ហាញសាកសពមនុស្សពីរនាក់ដែលខ្លួនបាននិយាយថាជាចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល។ ក្នុងសេចក្តីថ្លែងការណ៍អមជាមួយវីដេអូ ក្រុមហាម៉ាសបាននិយាយថា យោធាអ៊ីស្រាអែលបានសម្លាប់ចំណាប់ខ្មាំងទាំងនេះ ។

ទោះជាយ៉ាងណា អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari បានបដិសេធថា កងកម្លាំងអ៊ីស្រាអែលបានបង្កឲ្យមានមនុស្សស្លាប់ នោះគឺជាការកុហករបស់ក្រុមហាម៉ាស។

កាលពីព្រឹកថ្ងៃចន្ទ កងកម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសថ្មីនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ១៣០ នាក់ក្នុងអំឡុងពេលថ្ងៃ ។

ដោយឡែក យោធាអ៊ីស្រាអែលបាននិយាយថា ប្រតិបត្តិការរបស់ខ្លួន នៅតំបន់ហ្គាហ្សាបាន សម្លាប់ពួកសកម្មប្រយុទ្ធប្រាំនាក់នៅភាគខាងជើងហ្គាហ្សា រួមជាមួយនឹងការវាយប្រហារតាមអាកាស និងការវាយប្រហារលើដី ដើម្បីបំផ្លាញកន្លែងផ្ទុកអាវុធនៅក្នុងតំបន់ Khan Younis ភាគខាងត្បូងនៃតំបន់ហ្គាហ្សា។

ក្រសួងសុខាភិបាលហ្គាហ្សា បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ពីយុទ្ធនាការយោធារបស់អ៊ីស្រាអែល បានកើនឡើងដល់យ៉ាងហោចណាស់ ២៤.១០០នាក់ និងជាង ៦០,០០០នាក់ផ្សេងទៀតបានរងរបួស។

ប្រទេសអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួនដើម្បីកម្ចាត់ក្រុមហាម៉ាស បន្ទាប់ពីក្រុមយុទ្ធជនហាម៉ាស់បានឆ្លងចូលទៅក្នុងភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយបានសម្លាប់មនុស្ស ១,២០០នាក់ និងចាប់មនុស្ស ២៤០ នាក់ជាចំណាប់ខ្មាំងនៅក្នុងការវាយប្រហារភេរវកម្មនេះ។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវជាថ្មីកាលពីថ្ងៃចន្ទឱ្យមាន បទឈប់បាញ់ជាបន្ទាន់ ដោយលោក និយាយថា៖«បទឈប់បាញ់ត្រូវការជាបន្ទាន់ដើម្បីផ្តល់ជំនួយមនុស្សធម៌ ដល់ប៉ាឡេស្ទីន ជាថ្នូរនឹងជួយសម្រួលឱ្យមានការ ដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស ចាប់បង្ខាំង និងបញ្ឈប់ការរីករាលដាលនៃសង្គ្រាមនៅទូទាំងមជ្ឈិមបូព៌ា»។

ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong ជាអ្នកការទូតចុងក្រោយគេធ្វើដំណើរទៅកាន់តំបន់ និងប្រេស Jordan, Israel, West Bank និង United Arab Emiratesដើម្បីពិភាក្សាអំពីជម្លោះ និងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ នៅក្នុងសន្និសីទសារព័ត៌មានមួយមុនការចាកចេញកាលពីថ្ងៃច័ន្ទម្សិលមិញ លោក ស្រី ក៏បានអំពាវនាវ ឱ្យមានបទឈប់បាញ់ផងដែរ៕

អត្ថបទទាក់ទង