លោក Blinken ពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល អំពីផែនការសម្រាប់ដំណាក់កាលបន្ទាប់នៃសង្គ្រាមនៅហ្គាហ្សា នៅថ្ងៃអង្គារនេះ
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ខ្លួនទៅកាន់ទីក្រុង Tel Aviv នៃប្រទេសអ៊ីស្រែអែល ដោយគេរំពឹងថានឹងមានការពិភាក្សាជាមួយ លោក Yoav Gallant រដ្ឋមន្ត្រីការពារជាតិនៃប្រទេសអ៊ីស្រាអែលអំពីផែនការសម្រាប់ដំណាក់កាលបន្ទាប់នៃសង្គ្រាមនៅតំបន់ហ្គាហ្សាក្នុងអំឡុងកិច្ចប្រជុំសំខាន់ៗនៅថ្ងៃអង្គារ នេះ។
នេះ បើតាមការការចុះផ្សាយរបស់សារព័ត៌មាន CNN ដោយបានស្រង់សំដីរបស់មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកនៅថ្ងៃទី ៩ ខែមករាឆ្នាំ ២០២៤ នេះ ។
ប្រភពដដែលនេះបញ្ជាក់ថា កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអ៊ីស្រាអែល លោក Yoav Gallant បានដាក់ចេញផែនការយោធាសម្រាប់ដំណាក់កាលបន្ទាប់នៃសង្រ្គាម នៅតំបន់ហ្គាហ្សា។ សំណើរបស់ Gallant បានសរសេរថា ប្រជាជនប៉ាឡេស្ទីនមិនត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅភាគខាងជើង Gaza រហូតដល់ចំណាប់ខ្មាំងដែលនៅសល់ទាំងអស់ត្រូវបានដោះលែង។
ទោះជាយ៉ាងណា ភាគីសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងជំរុញឱ្យមន្ត្រីនៃប្រទេសអ៊ីស្រាអែលផ្លាស់ប្តូរ ឱ្យមានការកបន្ថយសង្រ្គាម ដើម្បីបន្ថយភាពតានតឹង នៅតំបន់ហ្គាហ្សា ខណៈដែលមកទល់ពេលនេះ សហរដ្ឋអាមេរិក មិនទាន់ឃើញភាពធូរស្បើយនៅឡើយ។
យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា មនុស្សជាង ២៣,០០០ នាក់ត្រូវបានសម្លាប់នៅក្នុតំបន់ហ្គាហ្សាចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម ខណៈ មនុស្សជាង ៥៧,០០០នាក់បានរងរបួស ហើយរាប់ពាន់នាក់ទៀតកំពុងបាត់ខ្លួន និងសន្មតថាបានស្លាប់។
ជាមួយគ្នានោះដែរ មន្ត្រីយោធាប្រទេសអ៊ីស្រាអែលបាននិយាយថា ទាហានយ៉ាងហោចណាស់ ១៧០ នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលការលុកលុយរបស់ប្រទេសនៅតំបន់ហ្គាហ្សា ដែលបានកើតឡើង បន្ទាប់ពីមនុស្ស ១,២០០ នាក់ត្រូវបានសម្លាប់ និងចំណាប់ខ្មាំងប្រហែល ២៤០ នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារជាច្រើនដងលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ខែតុលា៕