នាយករដ្ឋមន្ត្រីកាតាអះអាងថា ការសម្លាប់មេដឹកនាំក្រុមហាម៉ាស់អាចប៉ះពាល់ដល់ការចរចាចំណាប់ខ្មាំង
បរទេស៖ ការសម្លាប់មេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាស់នាពេលថ្មីៗនេះអាចប៉ះពាល់ដល់ការចរចាដែលកំពុងបន្ត ដើម្បីទទួលបានការដោះលែងចំណាប់ខ្មាំងដែលក្រុមសកម្មប្រយុទ្ធនៅហ្គាហ្សាបានកាន់កាប់។ នេះបើយោងតាមនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកាតា លោក Mohammed bin Abdulrahman Al-Thani ។
តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤ នេះបញ្ជាក់ថា ប្រទេស
អ៊ីស្រាអែលបានធ្វើការវាយប្រហារកាលពីថ្ងៃអង្គារកាលពីសប្តាហ៍មុន នៅក្នុងទីក្រុងបេរូត ដែលបានសម្លាប់មេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាស់មួយរូប គឺ លោក សាឡេហ៍ អាល់ អារូរី ។ ប៉ុន្តែប្រទេសនេះ មិនបានប្រកាសទទួលខុសត្រូវនោះទេ។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅទីក្រុង Doha កាលពីថ្ងៃអាទិត្យជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken លោក Al-Thani ត្រូវបានក្រុមអ្នកសារព័ត៌មានសួរថា តើការស្លាប់របស់ Arouri អាចប៉ះពាល់ដល់កិច្ចពិភាក្សាដើម្បីដោះលែងចំណាប់ខ្មាំងជាង ១០០ នាក់នៅហ្គាហ្សា បន្ទាប់ពីមានការវាយប្រហារថ្ងៃទី ៧ ខែតុលា ដែរឬទេ?។

លោក Al-Thani បាននិយាយថា ៖«ពិតណាស់ ការដែលមេដឹកនាំជាន់ខ្ពស់មួយរូបនៃក្រុម Hamas ត្រូវបានសម្លាប់ គឺជាអ្វីដែលអាចប៉ះពាល់ដល់ដំណើរការដ៏ស្មុគស្មាញបែបនេះ។
ប្រទេសកាតាបានដើរតួនាទីសំខាន់ក្នុងការសម្របសម្រួលការចរចាចំណាប់ខ្មាំង។ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ ក៏ដំណើរការចរចាក៏កំពុងបន្តដែរ»។
លោក Al-Thani បាននិយាយបន្តថា ៖«យើងមិនបោះបង់ទេ យើងកំពុងឆ្ពោះទៅមុខ។ យើងកំពុងបន្តការពិភាក្សារបស់យើងជាមួយភាគី ហើយព្យាយាមសម្រេចឱ្យបានឱ្យបានឆាប់តាមដែលអាចធ្វើទៅបាននូវកិច្ចព្រមព្រៀងដែលអាចនាំមកនូវជំនួយសម្រាប់ការសង្គ្រោះមនុស្សធម៌ និងការដោះលែងចំណាប់ខ្មាំង»៕

