Close

កូកាត់ខ្មែរ-អាមេរិក Nick Taylor បង្ហាញបុគ្គលដែលជំរុញឲ្យខ្លួន សម្រេចចូលព្រះខ័នរាជស្វាយរៀង

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា
កូកាត់ខ្មែរ-អាមេរិក Nick Taylor បង្ហាញបុគ្គលដែលជំរុញឲ្យខ្លួន សម្រេចចូលព្រះខ័នរាជស្វាយរៀង កូកាត់ខ្មែរ-អាមេរិក Nick Taylor បង្ហាញបុគ្គលដែលជំរុញឲ្យខ្លួន សម្រេចចូលព្រះខ័នរាជស្វាយរៀង

(បាល់ទាត់)៖ កាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសពីការនាំចូលនូវកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាខ្មែរ-អាមេរិក Nick Taylor ដើម្បីត្រៀមរដូវកាលថ្មីនៃលីគបាល់ទាត់កំពូលកម្ពុជា ដែលនឹងចាប់ផ្ដើមនាពេលដ៏ខ្លីខាងមុខនេះ។

មែនទែនទៅ មុនពេលចូលរួមជាមួយនឹងព្រះខ័នរាជស្វាយរៀង កូនកាត់ខ្មែរអាមេរិក រូបនេះ ត្រូវបានក្លិបជាច្រើននៅលីគកំពូលកម្ពុជាចាប់អារម្មណ៍ ដោយសារការបង្ហាញទេព្យកោសល្យយ៉ាងល្អជាមួយ Orlando City B សមាជិកលីគលំដាប់ទី២នៅសហរដ្ឋអាម៉េរិក និងការបង្ហាញខ្លួនឲ្យក្រុមគោព្រៃកម្ពុជា ក្នុងពានរង្វាន់ AFF Cup 2022។

យ៉ាងណា ការសម្រេចចូលរួមជាមួយព្រះខ័នរាជស្វាយរៀងជាផ្លូវការ ត្រូវបានអ្នកគាំទ្រក្នុងវិស័យបាល់ទាត់កម្ពុជា លើកជាចម្ងល់ថាហេតុអ្វី Nick Taylor ចូលរួមជាមួយក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង មួយនេះ ហើយមិនចាប់យកក្លិបដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ។ ពេលនេះចម្ងល់មួយនេះ ត្រូវបានបកស្រាយ។

កាលពីយប់ថ្ងៃអង្គារ ទី៧ ខែកុម្ភៈនេះ Nick Taylor បានទម្លាយមូលហេតុដែលខ្លួនសម្រេចចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ថា ៖«ខ្ញុំរីករាយក្នុងការប្រកាសថា ខ្ញុំនឹងនាំមកនូវទេពកោសល្យរបស់ខ្ញុំចូលព្រះរាជាណាចក្រកម្ពុជា និងចូលរួមជាមួយក្លឹបព្រះខ័នរាជស្វាយរៀងនារដូវកាលថ្មីនៃលីគបាល់ទាត់កំពូលកម្ពុជារដូវកាល២០៣នេះ។ ខ្ញុំសូមអរគុណដល់ក្រុមការងារដែលជឿលើខ្ញុំ និងបានធ្វើឲ្យរឿងនេះបានកើតមានឡើយ។ ខ្ញុំពិតរីករាយណាស់សម្រាប់អាជីពបាល់ទាត់របស់ខ្ញុំនាពេលខាងមុខ ដែលជាកន្លែងនឹងមានការប្រកួតប្រជែងខ្លាំងទាំងនៅលើទីលាន និងក្រៅទីលាន»។

អតីតកីឡាកររបស់ Orlando City B រូបនេះ បន្តថា ៖«ការផ្ទេរចូលព្រះខ័នរាជស្វាយរៀង ពិតជាមានន័យណាស់សម្រាប់មូលហេតុផ្ទាល់ខ្លួន ដោយសារតារបស់ខ្ញុំមានកំណើតនៅខេត្តស្វាយរៀង។ លោកជាបុរសម្នាក់ដែលខ្ញុំគោរពបំផុត ជាមនុស្សម្នាក់ដែលលះបង់ និងជម្នះរាល់ឧបសគ្គ ដើម្បីធ្វើឲ្យក្រុមគ្រួសាររបស់លោករស់រានមានជីវិត និងធ្វើឲ្យជីវភាពកាន់តែល្អប្រសើរ ជាមនុស្សម្នាក់ដែលខ្ញុំចាត់ទុកជាវីរបុរសម្នាក់»។

កីឡាករវ័យ២៤ឆ្នាំរូបនេះ បានបន្តទៀតថា ៖«ខ្ញុំពិតជាមានកិត្តិយសណាស់ ដែលតំណាងឲ្យប្រទេសកម្ពុជា ដែលលោកស្រឡាញ់ខ្លាំង។ ឥឡូវខ្ញុំពិតជារីករាយដែលអាចមកលេងនៅខេត្តកំណើតរបស់តា។ ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណដល់អ្នកគ្រប់គ្នាដែលបានគាំទ្រខ្ញុំ។ ខ្ញុំនឹងប្រឹងប្រែងឲ្យអស់លទ្ធភាព ដើម្បីអ្នកមានមោទនភាព»៕

អត្ថបទទាក់ទង