ក្រសួងអប់រំតាំងបង្ហាញផ្ទាំងផ្សព្វផ្សាយ និងការធ្វើបទបង្ហាញរបស់ក្រុមសិស្សានុសិស្សដែលត្រូវបានជ្រើសរើស ក្នុងព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេស

រាជធានីភ្នំពេញ៖ មូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ នៃក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ បានរៀបចំការតាំងបង្ហាញផ្ទាំងផ្សព្វផ្សាយ (Posters) និងការធ្វើបទបង្ហាញ (Presentation) របស់ក្រុមសិស្សានុសិស្សដែលត្រូវបានជ្រើសរើស ក្នុងព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេស ៖ ការសិក្សាដោយការបង្កើតវត្ថុគម្រូ “បំណងប្រាថ្នា” នៅសាលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេស ៖ ការសិក្សាដោយការបង្កើតវត្ថុគម្រូ “បំណងប្រាថ្នា” ជាការផ្តោតលើការបណ្ដុះសមត្ថភាពផ្នែកស្រាវជ្រាវ និងការបង្កើតគម្រោង ដោយសិស្សនៅកម្រិតមធ្យមសិក្សា មកពីសាលារដ្ឋ និងឯកជន ដោយឆ្លងកាត់ដំណាក់កាលដូចខាងក្រោម ៖ ដំណាក់កាលទី១ ៖ ការចុះឈ្មោះ ការបង្ហាញវិស័យទាក់ទងនឹងការស្រាវជ្រាវ (Interest Areas) និងការបង្ហាញប្រធានបទ ចាប់ផ្ដើមនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ (បេក្ខជនចូលរួមសរុប១៧២៣នាក់ ដែលភាគច្រើនមកពីសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យព្រែកលៀប សាលារៀនសុវណ្ណភូមិ សាលាប៊ែលធីអន្តរជាតិ និងសាលាអន្តរជាតិ ស៊ីអាយអេហ្វឺសត៍)
ដំណាក់កាលទី២ ៖ ការស្វែងរកដៃគូ ការបង្កើតក្រុម និងការ Submit ឯកសារទស្សនាទាន បញ្ចប់នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ (បានទទួលឯកសារទស្សនាទានពី១៦១ ក្រុម) ដំណាក់កាលទី៣ ៖ ការកែលម្អលើឯកសារទស្សនាទាន និងការផ្តល់យោបល់ពី Mentor (ការចូលរួមរបស់សិស្សបានជម្រុះមកនៅត្រឹម ៦២ក្រុម) និង ដំណាក់កាលទី៤ ៖ ការតាំងបង្ហាញផ្ទាំងផ្សព្វផ្សាយ (Posters) និងការធ្វើបទបង្ហាញ (Presentation) ជាសាធារណៈ របស់ក្រុមសិស្សានុសិស្ស ដែលនៅសល់ ៦២ក្រុមចុងក្រោយ ដែលចម្រាញ់ពី ១៧០០ក្រុម។
ព្រឹត្តិការណ៍ «បំណងប្រាថ្នា» គឺការចូលរួមក្នុងការលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEM) និងប្រមូលផ្តុំសិស្សដែលមានសក្ដានុពលក្នុងការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ដោយផ្សាភ្ជាប់ជាមួយបរិបទនៃការអប់រំ ឌីជីថល។ ការបង្កើតគម្រោងក្នុងព្រឹត្តិការណ៍ «បំណងប្រាថ្នា» គឺផ្ដោតលើវត្ថុគំរូវិទ្យាសាស្ត្រដែលអាចកែសម្រួល ឬដោះស្រាយនូវបញ្ហានានាដែលកំពុងជួបប្រទះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕