ភ្នំពេញក្រោន ស្គាល់បរាជ័យជាលើកដំបូងនៅ AFC Cup
(បាល់ទាត់)៖ នៅទីបំផុត! ក្លិបសឹង្គក្រហមភ្នំពេញក្រោន របស់កម្ពុជា ស្គាល់បរាជ័យជាលើកដំបូងនៅពានរង្វាន់ AFC Cup 2023/24 ក្រោមថ្វីជើងក្រុមខ្លាំងរបស់អូស្រ្តាលី Macarthur United FC ក្នុងលទ្ធផល ៥-០ ជំនួបជើងទី២ នាកីឡដ្ឋាន THUWUNNA STADIUM ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
មែនទែនទៅ នេះគឺជាបរាជ័យលើកដំបូងហើយ សម្រាប់ភ្នំពេញក្រោន ក្នុងពានរង្វាន់ AFC Cup 2023/24 នេះ បន្ទាប់ពីយកឈ្នះទាំង៣ប្រកួត នៅក្នុងជើងទី១។ ជំនួបបើកឆាក កាលពីរាត្រីថ្ងៃទី២១ ខែកញ្ញា ភ្នំពេញក្រោន បានយកឈ្នះក្រុម Dynamic Herb Cebu របស់ហ្វីលីពីន ក្នុងលទ្ធផល ៣ទល់និង ០ នៅកីឡដ្ឋាន Rizal Memorial នៅប្រទេសហ្វីលីពីន។
ប្រកួតទី២ កាលពីរាត្រីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ ក្លិបបាល់ទាត់ ភ្នំពេញក្រោន លុតក្រុមខ្លាំងរបស់មីយ៉ាន់ម៉ា Shan United ក្នុងលទ្ធផល ៤-០ នៅកីឡដ្ឋានជាតិអូឡាំពិក ប្រទេសកម្ពុជា។
ចំណែកប្រកួតទី៣ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានយកឈ្នះក្រុមខ្លាំងអូស្រ្តាលី Macarthur FC ក្នុងលទ្ធផល ៣-០ កាលពីរាត្រីថ្ងៃទី២៦ ខែតុលា នៅកីឡដ្ឋានជាតិអូឡាំពិក។
ប្រកួតបន្ទាប់ ភ្នំពេញក្រោន នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលស្វាគមន៍ក្រុម Dynamic Herb Cebu របស់ហ្វីលីពីន ក្នុងការប្រកួតជើងទី២ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៧៖០០នាទីយប់។
គួរបញ្ជាក់ថា ក្នុងពានរង្វាន់ AFC Cup ឆ្នាំនេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា ស្ថិតពូលជា F ជាមួយក្រុម Dynamic Herb Cebu របស់ហ្វីលីពីន, Macarthur FC របស់ អូស្ត្រាលី និង Shan United របស់មីយ៉ាន់ម៉ា៕