Dave Leduc ទៅទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន្ត មុនពេលត្រលប់ទៅផ្ទះវិញ
(ប្រដាល់)៖ បន្ទាប់ពីការប្រកួតដ៏ជក់ចិត្តកាលយប់មិញនេះ កីឡាករប្រដាល់ Dave Leduc រហស្សនាមស្ដេចប្រដាល់ភូម៉ា បានទៅដល់ទឹកដីខេត្តសៀមរាបហើយ ដើម្បីទៅទស្សនាអង្គរវត្ត និងប្រាសាទបាយ័ន្ត។ នេះបើតាមការបញ្ជាក់របស់លោក Tommy Kim។
ដូចដែលប្រិយមិត្តបានដឹងហើយ កាលពីយប់មិញនេះ អ្នកលេងគុនខ្មែរ ព្រុំ សំណាង បានប្រកួតជាមួយស្ដេចប្រដាល់ភូម៉ា Dave Leduc ក្នុងកម្មវិធី Wurkz សេនាគុនខ្មែរពិភពលោក ដែលប្រកួតបែប Mas Fight Kun Khmer Rules ដោយមួយទឹកមាន ៩នាទី។ ជាលទ្ធផលអ្នកទាំង២ មិនមានអ្នកឈ្នះ អ្នកចាញ់ឡើយ ពោលគឺបានប្រកួតស្មើគ្នា។
ក្នុងការប្រកួតយប់មិញនេះ គេចាប់អារម្មណ៍ថា Dave Leduc មិនមែនត្រឹមតែមកវាយធម្មតាទេ ប៉ុន្តែថែមទាំងហៅ ពិធីករ UFC មកអធិប្បាយផ្សព្វផ្សាយអោយគុនខ្មែរយើងទៀតគឺលោក Andrew Whitelaw និង Mr Christopher Garridor ហើយពួកគាត់ទាំង២ អធិប្បាយអោយយើង Free ដោយមិនគិតថ្លៃអ្វីនោះទេ។
គួរបញ្ជាក់ថា ការប្រកួត Wurkz សេនាគុនខ្មែរពិភពលោក ដែលធ្វើឡើងនៅផ្សារទំនើបជីបម៉ុង ២៧១ មានការប្រកួតមិត្តភាពអន្តរជាតិសរុបចំនួន៦គូ ក្នុងនោះ ខ្មែរយើងឈ្នះទាំងអស់ លើកលែងតែគូ ព្រុំ សំណាង និង Dave Leduc ប៉ុណ្ណោះ ដែលស្មើគ្នា៕