ក្លិបព្រះខ័នរាជស្វាយរៀង ចេញមុខបញ្ជាក់ ជុំវិញការដាក់ពិន័យ Gabriel Silva
កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានចេញសេចក្តីថ្លែងការណ៍ផ្លូវការ ជុំវិញការដាក់ពិន័យរបស់ FFC មកលេីកីឡាកររបស់ខ្លួន Gabriel Silva Costa ។
ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍របស់ក្លឹបព្រះខ័នរាជស្វាយរៀង៖
«បន្ទាប់ពីមានការចេញ លិខិតពិន័យ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដោយសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា (FFC) និងការដាក់ពិន័យជាបន្តបន្ទាប់មកលើកីឡាករ Gabriel Silva Costa។ ក្លិបសូមប្រកាសជាផ្លូវការថា ក្លិបមិនទទួលយកការសម្រេចនេះឡើយ ដោយហេតុផលថា យើងជឿលើ Gabriel ថាគាត់មិនមានបំណងបញ្ចេញនូវពាក្យសំដីរើសអើង ឬធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្តជាមួយនឹងពាក្យស្លោកនៅលើអាវខាងក្នុង របស់គាត់ឡើយ ដែលជាហេតុផលឈានទៅដល់ FFC ដាក់ពិន័យដូច្នេះ ដោយគ្រាន់តែយោងទៅតាមមាត្រាដូចដែលបានរៀបរាប់នៅក្នុងលិខិតវិន័យនោះទេ»។
ក្លិបព្រះខ័នរាជស្វាយរៀង បញ្ជាក់បន្ថែមថា៖«ក្លិបអាចបញ្ជាក់បានថា ឥឡូវនេះ យើងបាន ធវើការជាមួយមេធាវីកីឡាអន្តរជាតិ ដើម្បីប្តឹងឧទ្ធរណ៍ទៅ FFC ហើយ យើងបានត្រៀមបញ្ជូនរឿងក្តីនេះបន្តទៅ តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ប្រសិនបើចាំបាច់។ ដោយសារនេះជាករណីផ្លូវច្បាប់ ក្លឹបសូមរក្សាសិទ្ធិមិនធ្វើសេចក្ដីអត្ថាធិប្បាយបន្ថែមឡើយ»។
គួរបញ្ជាក់ថា កីឡាករ Gabriel Silva ត្រូវបានគណៈកម្មការវិន័យ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពិន័យមិនឱ្យចូលរួមការប្រកួតដែលរៀបចំដោយក្រុមហ៊ុន Cambodian Premier League និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចំនួន៦ខែ និងពិន័យជាប្រាក់ចំនួន២លានរៀល។
ការពិន័យនេះត្រូវបានគណៈកម្មការវិន័យបញ្ជាក់ថា ធ្វើឡើង ចំពោះសកម្មភាពបង្ហាញអំពីសាសនាលើអាវក្នុងរបស់គេដែលសរសេរថា «100% Jesus» ក្រោយរូបគេរកបានគ្រាប់បាល់បញ្ចូលទីបឹងកេត កាលថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣»៕