Close

Messi ឈ្នះពាន Ballon d’Or ជាលើកទី៨ ក្នុងអាជីព

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣ កីឡា
Messi ឈ្នះពាន Ballon d’Or ជាលើកទី៨ ក្នុងអាជីព Messi ឈ្នះពាន Ballon d’Or ជាលើកទី៨ ក្នុងអាជីព

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Lionel Messi បានឈ្នះពានរង្វាន់ Ballon d’Or លើកទី៨ ក្នុងអាជីពជាកីឡាករល្អបាល់ទាត់របស់ខ្លួន កាលពីយប់ថ្ងៃចន្ទ ទី៣០ ខែតុលា ដោយបានផ្តួលកីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA Erling Haaland របស់ ក្រុមមេឃខៀវ Manchester City។

មែនទែនទៅ Haaland វ័យ ២៣ឆ្នាំ គឺជាកីឡាករជាបេក្ខភាពនាំមុខមួយរូប សម្រាប់ពានរង្វាន់ Ballon d’Or បន្ទាប់ពីស៊ុតបញ្ចូលទីបាន ៥២គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ៥៣ប្រកួត កាលពីរដូវកាលមុន និងបានជួយ Man City បានឈ្នះពានរង្វាន់ Champions League, Premier League និង FA Cup ក្នុងរដូវកាលតែមួយ។

ប៉ុន្តែ Messi របស់ Inter Miami ដែលបានឈ្នះពានរង្វាន់ចុងក្រោយក្នុងឆ្នាំ ២០២១ បានដើរតួយ៉ាងសំខាន់ក្នុងការដឹកនាំអាហ្សង់ទីន ឱ្យឈ្នះពានរង្វាន់ World Cup ជាលើកដំបូងរបស់ពួកគេ ក្នុងរយៈពេល ៣៦ឆ្នាំ នៅពេលដែលពួកគេបានផ្តួលក្រុមការពារជើងឯកបារាំង ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំមុន។

កីឡាករវ័យ ៣៦ឆ្នាំរូបនេះ បានឈ្នះ Ballons d’Or ចំនួន ៨ដង ពោលគឺច្រើនជាងគូប្រជែងរបស់ខ្លួន Cristiano Ronaldo ចំនួន ៣ដង។ Messi បានជាប់ឈ្មោះក្នុងចំណោមបេក្ខភាព ៣នាក់ចុងក្រោយ សរុបចំនួន ១៤ដង ដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ចំនួន ៥ដង។

ជាមួយគ្នានេះ មិត្តរួមក្រុមដែលឈ្នះពាន World Cup របស់ Messi អ្នកចាំទី Emiliano Martinez បានឈ្នះពានរង្វាន់ Lev Yashin សម្រាប់អ្នកចាំទីល្អបំផុតរបស់ពិភពលោក។ ម្ចាស់ជើងឯក World Cup ស្ត្រីរបស់អេស្ប៉ាញ Aitana Bonmati របស់ Barcelona ក៏បានឈ្នះ Ballon d’Or ស្ត្រី។
ចំណែក ខ្សែបម្រើក្រុម Real Madrid និងអង់គ្លេស Jude Bellingham បានឈ្នះពានរង្វាន់ Kopa Trophy (Golden Boy)សម្រាប់កីឡាករអាយុក្រោម ២១ឆ្នាំ ល្អបំផុត ខណៈដែលមិត្តរួមក្រុម Vinicius Jr. ទទួលបានពានរង្វាន់ Socrates។

គួរបញ្ជាក់ថា Messi បានជួយអាហ្សង់ទីន លើកពាន World Cup នៅប្រទេសកាតា ជាកន្លែងដែល Messi ទទួលបានបាល់មាស សម្រាប់កីឡាករល្អបំផុត រួមនិងស្បែកជើងប្រាក់ ។ Messi ក៏បានឈ្នះពាន Ligue 1 ជាមួយ PSG មុនពេលផ្លាស់ទៅ Inter Miami ជាកន្លែងដែលគាត់បានជួយក្រុម Major League Soccer ឈ្នះពាន Leagues Cup៕

អត្ថបទទាក់ទង