កាសែត Vietnam Post ដាក់ចំណងជើងថា ក្រុមជម្រើសជាតិកម្ពុជា ចង់បានលោក Park Hang Seo ជំនួសដំណែងលោក Felix Dalmas?

ដូចដែលប្រិយមិត្តបានដឹងហើយថា ក្រុមគោព្រៃកម្ពុជា បានធ្លាក់ចេញពីការប្រកួតក្នុងវគ្គជម្រុះជុំទី១ នៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ក្រោយចាញ់ ប៉ាគីស្ថាន សរុបលទ្ធផលទាំងពីរជើង ១-០។ លទ្ធផលនេះ បានបង្កើតឲ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជា ដោយសារហួសចិត្ត ដ្បិតកម្ពុជាមិនដែលចាញ់ប៉ាគីស្ថានឡើយក្នុងប្រវត្តិជួបគ្នានាពេលកន្លងមក។
នៅលើវេទិកាសង្គមហ្វេសប៊ុក អ្នកគាំទ្រកម្ពុជា ជាច្រើន បានអំពាវនាវឱ្យបណ្តេញគ្រូបង្វឹកលោក Felix Dalmas ចេញ ហើយថាក្រុមជម្រើសជាតិកម្ពុជា ត្រូវការគ្រូបង្វឹកដែលល្អជាងនេះ។ ភ្លាមៗនោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើន បានផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ទាក់ទងគ្រូបង្វឹកលោក Park Hang Seo ដែលជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម។
យ៉ាងណាក៏ដោយ ការចែករំលែកនៅលើបណ្តាញព័ត៌មាន បើតាមប្រភពដែលអាចទុកចិត្តបាន បានបញ្ជាក់ថា FFC មិនទាន់មានទំនាក់ទំនង ឬចរចាជាមួយគ្រូបង្វឹកលោក Park Hang Seo ទាក់ទងនឹងការអញ្ជើញលោកមកដឹកនាំក្រុមជម្រើសជាតិនោះទេ។ ក្រៅពីនេះ តំណាងរបស់ FFC បានបញ្ជាក់ថា នឹងគោរពកិច្ចសន្យាជាមួយគ្រូបង្វឹក Felix Dalmas។
ប្រធាន FFC នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានឆ្លើយតបទៅនឹងការរិះគន់របស់អ្នកគាំទ្រ ទៅលើលោក Felix Dalmas ថា៖ «ប្រតិកម្មរបស់អ្នកគាំទ្របាល់ទាត់កម្ពុជា គឺអាចយល់បាន វាកើតចេញពីការស្រលាញ់ជាតិ ហេតុដូច្នេះហើយ បានជាគេរិះគន់ក្រុមបន្ទាប់ពីមិនទទួលបានលទ្ធផលល្អ។ យើងនឹងស្វែងរកដំណោះស្រាយ ដើម្បីជួយបាល់ទាត់ប្រទេសយើងឲ្យមានការកើនឡើង»។
បើតាមការចុះផ្សាយរបស់កាសែត Vietnam Post គ្រូបង្វឹក Park Hang Seo បន្ទាប់ពីបញ្ចប់កិច្ចសន្យាជាមួយសហព័ន្ធកីឡាបាល់ទាត់វៀតណា មកាលពីដើមឆ្នាំនេះ លោកត្រូវបានទទួលការអញ្ជើញធ្វើជាគ្រូបង្វឹកពីប្រទេស និងក្រុមជាច្រើន ទោះប៉ុន្តែលោកបានបដិសេធ។ បច្ចុប្បន្ននេះ គ្រូបង្វឹកដែលកើតនៅឆ្នាំ ១៩៥៧ កំពុងផ្តោតលើការអភិវឌ្ឍន៍សាលាបាល់ទាត់យុវជន ដែលទើបនឹងបើកថ្មី នៅក្នុងទីក្រុងហាណូយប្រទេសវៀតណាម៕