Close

អាមេរិក ជប៉ុន កូរ៉េខាងត្បូង រួមគ្នាធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំគំរាមកូរ៉េខាងជើង

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អាមេរិក ជប៉ុន កូរ៉េខាងត្បូង រួមគ្នាធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំគំរាមកូរ៉េខាងជើង អាមេរិក ជប៉ុន កូរ៉េខាងត្បូង រួមគ្នាធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំគំរាមកូរ៉េខាងជើង

បរទេស៖ សមយុទ្ធយោធាក្នុងទ្រង់ទ្រាយដ៏ធំមួយរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានប្រកាសឲ្យចាប់ផ្តើមដំណើរការកាលពីថ្ងៃអាទិត្យគឺជាសមយុទ្ធយោធាលើកដំបូងដែលមានការចូលរួមជាមួយនូវយន្តហោះទំលាក់គ្រាប់បែករបស់អាមេរិក B-52 ផងដែរ។

កងទ័ពជើងអាកាសនៃប្រទេសកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍ថា សមយុទ្ធយោធាលើកនេះបានរៀបចំឡើងនៅឧបទ្វីបកូរ៉េ ហើយមានគោលបំណងសំខាន់បំផុតដើម្បីលើកតម្កើងសមត្ថភាពរបស់ប្រទេសទាំងបីក្នុងការទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។

តាមផែនការសមយុទ្ធនេះនឹងមានការចូលរួមផងដែរពីសំណាក់យន្តហោះទំលាក់គ្រាប់បែកដ៏ល្បីរបស់អាមេរិក B-52 យ៉ាងហោចណាស់មួយគ្រឿងដោយមានការហោះហើរអមដំណើរដោយយន្តហោះចម្បាំងរបស់កូរ៉េខាងត្បូង និងយន្តហោះចម្បាំងរបស់ជប៉ុនជាច្រើនគ្រឿងផ្សេងទៀត។

សមយុទ្ធយោធាត្រីភាគីបានធ្វើឡើងនៅក្រោយពេលដែលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានធ្វើការស្តីបន្ទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តដាក់ពង្រាយយន្តហោះទំលាក់គ្រាប់បែករបស់ខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូងកាលពីដើមសប្តាហ៍កន្លងមកដោយក្នុងនោះព្យុងយ៉ាងបានគំរាមថា យន្តហោះនេះនឹងក្លាយទៅជាគោលដៅដំបូងរបស់ខ្លួនក្នុងការកំទេចប្រសិនបើមានផ្ទុះជម្លោះយោធាណាមួយរវាងប្រទេសកូរ៉េទាំងពីរកើតឡើង។

សូមរំលឹកឡើងវិញថា កាលពីខែសីហា ប្រធានាធិបតីអាមេរិក លោក Joe Biden បានជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅ Camp David ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោក Biden បានសន្យាថា នឹងពង្រឹងទំនាក់ទំនងយោធារវាងប្រទេសទាំងបី ខណៈដែលមេដឹកនាំទាំងបីបានសើចចំអកនៅក្រុងព្យុងយ៉ាង និងថ្កោលទោសចំពោះ អាកប្បកិរិយាដ៏គ្រោះថ្នាក់ និងឈ្លានពាន ហើយបានចោទប្រកាន់ថាវាគឺជាការរៀបចំពីក្រោយដោយរដ្ឋាភិបាលក្រុងប៉េកាំងផងដែរ៕

អត្ថបទទាក់ទង