Close

បញ្ហាហាម៉ាសមិនទាន់ចប់ អ៊ីស្រាអែល ព្រមានកំទេចក្រុមហេបូឡានៅព្រំដែនលីបង់

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
បញ្ហាហាម៉ាសមិនទាន់ចប់ អ៊ីស្រាអែល ព្រមានកំទេចក្រុមហេបូឡានៅព្រំដែនលីបង់ បញ្ហាហាម៉ាសមិនទាន់ចប់ អ៊ីស្រាអែល ព្រមានកំទេចក្រុមហេបូឡានៅព្រំដែនលីបង់

បរទេស៖ ខណៈដែលប្រតិបត្តិការវាយលុយក្រុមហាម៉ាសនៅហ្គាហ្សាស្ទ្រីបកំពុងបន្តដំណើរការនៅឡើយនោះ មេដឹកនាំអ៊ីស្រាអែលលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានព្រមានធ្វើការវាយប្រហារដ៏ខ្លាំងក្លាមិនធ្លាប់មានពីមុនលើក្រុមហេបូឡានៅព្រំដែនប្រទេសលីបង់បន្ថែមទៀត។

មេដឹកនាំអ៊ីស្រាអែលរូបនេះបានបញ្ជាក់ថា ប្រសិនបើក្រុមហេបូឡាហ៊ានចូលរួមពាក់ព័ន្ធទៅនឹងបញ្ហាជម្លោះនៅហាម៉ាសនោះគឺពួកគេកំពុងបង្កកំហុសមួយសម្រាប់ជីវិតរបស់ពួកគេ ហើយព្រមានទាំងលីបង់ថានឹងរងការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរមួយជាក់ជាមិនខាន។

លោក Netanyahu បានពោលបែបនេះថា៖ប្រសិនបើហេបូឡាសម្រេចចិត្តចូលរួមក្នុងសង្គ្រាមនេះវានឹងក្លាយទៅជាសង្គ្រាមដ៏យូរបំផុតទី២របស់ប្រទេសលីបង់។

លោកនាយករដ្ឋមន្ត្រីរូបនេះបានថ្លែងសំដៅទៅលើសង្គ្រាមកាលពីឆ្នាំ២០០៦ដែលអ៊ីស្រាអែលបានលុកលុយទៅដល់ភាគខាងត្បូងរបស់ប្រទេសលីបង់ និងបានវាយប្រហារទៅដល់រដ្ឋធានី Beirut យ៉ាងសុះសាច់តាមរយៈផ្លូវអាកាស ដែលគ្រានោះគឺជាការឆ្លើយតបទៅនឹងការលបវាយប្រហារពីសំណាក់ក្រុមហេបូឡាមកលើប្រទេសអ៊ីស្រាអែល។

ជាលទ្ធផល កាលពីហេតុការណ៍ឆ្នាំនោះជនជាតិអ៊ីស្រាអែលសរុប ១៦៥នាក់បានបាត់បង់ជីវិត ហើយជនជាតិលីបង់ដល់ទៅជាង ១០០០នាក់បានបាត់បង់ជីវិត។

គួរឲ្យដឹងដែរថា កងជីវពលលីបង់បានបង្កើនការវាយប្រហាររបស់ខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ទៅលើមូលដ្ឋានយោធាអ៊ីស្រាអែល ហើយជាក់ស្តែងបានសម្លាប់ទាហានអ៊ីស្រាអែលម្នាក់នៅក្នុងការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃសុក្រ។

កងកម្លាំង​អ៊ីស្រាអែល​បាន​ឆ្លើយ​តប​ដោយ​ការ​ទម្លាក់​គ្រាប់​បែក និង​ដោយ​កាំភ្លើង​ធំ ព្រមទាំង​ការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើកផងដែរ។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្រកាសកាលពីថ្ងៃសៅរ៍ថា ក្រុមហេសបូឡាបានសម្រេចចិត្តចូលរួមក្នុងការប្រយុទ្ធនេះ ហើយពួកគេនឹងទទួលបានតម្លៃដ៏ធ្ងន់ធ្ងរមួយសម្រាប់ការសម្រេចចិត្តលើកនេះ៕

អត្ថបទទាក់ទង