Neymar រងរបួស ខណៈ ប្រេស៊ីល ចាញ់ អ៊ុយរូហ្គាយ ២-០
កីឡាករ Darwin Nunez និង Nicolas de la Cruz បានស៊ុតបាល់បញ្ចូលទីម្នាក់មួយគ្រាប់ ដើម្បីផ្តល់ឱ្យ អ៊ុយរូហ្គាយ យកឈ្នះ ២-០ លើ ប្រេស៊ីល ក្នុងវគ្គជម្រុះ World Cup 2026 របស់ពួកគេ កាលពីថ្ងៃអង្គារ ខណៈដែល Neymar ត្រូវបានបង្ខំឱ្យចេញនៅចុងតង់ទី១ បន្ទាប់ពីទទួលរងនូវរបួសជង្គង់ធ្ងន់ធ្ងរ។
ការប្រកួតយប់មិញនេះ ខ្សែប្រយុទ្ធ Darwin Nunez បានបើកការស៊ុតបញ្ចូលទីនៅនាទីទី៤២ ដោយការការតែតបាល់បញ្ចូលទី ហើយ២នាទីក្រោយមក Neymar ត្រូវបង្ខំខិត្តប្តូរចេញដោយសាររបួសជង្គង់ធ្ងន់ធ្ងរ បន្ទាប់ពីការប៉ះទង្គិចគ្នា ជាមួយនឹង De la Cruz ។
លុះចូលដល់តង់ទី២ អ៊ុយរូហ្គាយ បានបន្ថែមគ្រាប់បាល់ទី២ នៅនាទីទី៧៧ ដោយកីឡាករ Nicolas De la Cruz បន្ទាប់ពីទទួលបាល់យ៉ាងល្អរបស់ Darwin Nunez។ ចប់ការប្រកួត៩០នាទី អ៊ុយរូហ្គាយ ២- ០ ប្រេស៊ីល។
ជ័យជម្នះនេះ បានលើក អ៊ុយរូហ្គាយ ទៅលេខ២ ក្នុងតារាង CONMEBOL មាន៧ពិន្ទុ ស្មើជាមួយ ប្រេស៊ីល និង វេណេស៊ុយអេឡា ដែលបានយកឈ្នះ ឈីលី ៣-០ កាលពីថ្ងៃអង្គារ ខណៈ អាហង្ស់ទីន ឈរកំពូលតារាង មាន ១២ពិន្ទុ។
ក្រោយចប់ការប្រកួត ប្រភពពីសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល បាននិយាយថា ខ្សែប្រយុទ្ធរូបនេះ បានរងរបួសជង្គង់ខាងឆ្វេងធ្ងន់ធ្ងរ ហើយថា គាត់នឹងឆ្លងកាត់ការធ្វើតេស្ត ដើម្បីកំណត់ថាតើនឹងត្រូវសម្រាករយៈពេលយូរ ឬត្រូវវះកាត់ឬអត់។
ជាមួយគ្នានេះ ប្រធានក្រុមប្រេស៊ីល Casemiro បានប្រាប់ទូរទស្សន៍ Globo ថា៖ «យើងសង្ឃឹមថា វាមិនមានអ្វីធ្ងន់ធ្ងរទៅចុះ សម្រាប់ Neymar។ គាត់ជាកីឡាករសំខាន់ សម្រាប់ពួកយើង យើងស្រលាញ់គាត់ខ្លាំងណាស់។ គាត់មានរបួសជាច្រើនដងមកហើយ»៕