ក្រសួងបរិស្ថានប្រកាសចេញយុទ្ធនាការដាំដើមឈើយ៉ាងតិច១លានដើម ជារៀងរាល់ឆ្នាំ
រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញយុទ្ធនាការដាំដើមឈើឲ្យបានយ៉ាងតិច ១លានដើម ជារៀងរាល់ឆ្នាំ ជាមួយនឹងការជំរុញឲ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើ ដាំស្តារព្រៃ ចូលរួមការពារអភិរក្សបរិស្ថានធម្មជាតិ ដើម្បីបង្កើនគម្របព្រៃ និងអាចលក់កាបូន ដើម្បីអាចបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍។
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា ដើម្បីធានានិរន្តភាពបរិស្ថាន និងជីវភាពសហគមន៍ ប្រជាសហគមន៍ ឮត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើន ពីព្រោះដើមឈើគឺជាប្រភពប្រាក់ចំណូល តាមរយៈការទាញចំណូលពីការលក់កាបូន ហើយចំណូលពីការលក់បូន នឹងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យប្រជាពលរដ្ឋមានចំណូលបន្ថែម លើសពីចំណូលតាមរយៈភ្ញៀវទេសចរនាពេលបច្ចុប្បន្ននេះ។
ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកការងារបរិស្ថានគឺមានភាពសំខាន់ជាសកល ដូច្នេះក្រសួងបានដាក់ចេញយុទ្ធនាការរួមមាន៖
ទី១ ជំរុញ និងចូលរួមក្នុងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ និងរហូតដល់ពេលនេះ មានការចូលរួមពីសាលាគ្រប់កម្រិតទូទាំងប្រទេសប្រមាណជាង ១ម៉ឺន ១ពាន់ និងសិស្សានុសិស្ស ដែលជាយុវជនជំនាន់ក្រោយជាង ១,៥លាននាក់។
ទី២ គឺការស្តារ និងដាំដើមឈើឡើងវិញ ដើម្បីឈានឆ្ពោះទៅទទួលបាននូវអព្យាក្រឹតកាបូន និងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និង ទី៣គឺ បង្កើនគម្របព្រៃឈើឲ្យបាន៦០% តាមរយៈការដាំដើមឈើ១លានដើម ក្នុងមួយឆ្នាំ រួមទាំងការដាំឬស្សី ដើម្បីបង្កើនគម្របព្រៃ និងបង្កើនជីវភាពប្រជាជន ព្រមទាំងការចូលរួមជាមួយដៃគូនានា ដោះស្រាយបញ្ហាសកល ដែលយកចិត្តទុកដាក់ជាចម្បងទៅលើការប្រែប្រួលអាកាសធាតុជាសកល។
គួររម្លឹកដែរថា យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១ នៃមុំទី២ ទី៤ និងទី៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដោយជំរុញការលើកកម្ពស់ ការទាក់ទាញវិនិយោគ ក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងឧស្សាហកម្មបៃតង៕