ពិធីរត់ប្រណាំង អបអរការដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានអ្នកចូលរួមជាង ៧០០នាក់
សៀមរាប ៖ ក្រោមកិច្ចគាំទ្រពីរដ្ឋបាលខេត្តសៀមរាប ជាមួយក្រុមហ៊ុន AIAI និងប្រតិបត្តិករទេសចរណ៍មួយចំនួន បានសហការរៀបចំពិធីរត់ប្រណាំងចម្ងាយខ្លី នៅលើផ្លូវឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះមានអ្នកចូលរួមជាង ៧០០នាក់។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានបង្ហាញថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលគ្រោងនឹងបើកដំណើរការនៅពេលដ៏ខ្លីខាងមុខនេះ នឹងអាចទាក់ទាញការហោះហើរត្រង់ ជាមួយនឹងភ្ញៀវទេសចរណ៍ពីជុំវិញពិភពលោកចូលមកកាន់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាបដូចការរំពឹងទុក គឺ៧លាននាក់ក្នុងឆ្នាំ។ ទន្ទឹមនោះ ការរត់ម៉ាតុងនេះ ក៏ជាសកម្មភាពបង្ហាញទៅដល់ភ្ញៀវទេសចរថា កម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងអាចបង្កើតព្រឹត្តិការណ៍បានគ្រប់ទីកន្លែង។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បញ្ជាក់នេះថា ក្រៅពីអបអរការគ្រោងដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ព្រឹត្តិការណ៍រត់ប្រណាំងនាពេលនេះ ក៏មានគោលបំណងអបអរសាទរចំពោះខួបលើកទី១០ នៃការបង្កើតយុទ្ធសាស្ត្រ “ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ”ផងដែរ។
លោកអភិបាលរងខេត្ត បន្ថែមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និង ប្រទេសចិន ត្រូវបានលើកកម្ពស់មួយកម្រិតថែមទៀតរហូតប្រសិទ្ធ នាមថា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ជាមិត្តដែកថែប ហើយកម្ពុជាតែងប្រកាន់ជំហគាំទ្រគោល នយោបាយការបរទេសចិន ជាពិសេសគោលនយោបាយចិនតែមួយ និងគំនិតផ្តួចផ្តើម ផ្លូវមួយ ខ្សែក្រវាត់មួយ”៕