ហ្វូតសាលកម្ពុជា នឹងប៉ះ អ៊ីរ៉ាក់ នៅល្ងាចនេះ ក្នុងការប្រកួតជើងឯកប្រចាំទ្វីបអាស៊ី
នៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣នេះ វេលាម៉ោង ៥:០០ល្ងាច ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា នឹងធ្វើការប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ ក្នុងការប្រកួតពានរង្វាន់ AFC Futsal Asian 2024 វគ្គជម្រុះ ដែលការប្រកួតធ្វើឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅប្រទេសអ៊ូសបេគីស្ថាន។
សម្រាប់ការប្រកួតជើងឯកប្រចាំទ្វីបអាស៊ី AFC Futsal Asian 2024 នេះ កម្ពុជា ស្ថិតនៅក្នុងពូល G ជាមួយម្ចាស់ផ្ទះអ៊ូបេគីស្ថាន, អ៊ីរ៉ាក់ និងម៉ាឡេស៊ី។
ក្នុងប្រកួតបើកឆាក ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះអ៊ូសបេគីស្ថាន ក្នុងលទ្ធផល ៦-១ នៃការលើទីលាន SAMO SPORTS COMPLEX ក្នុងទីក្រុង Fergana ប្រទេសអ៊ូសបេគីស្ថាន។
ដោយឡែក មុនប៉ះកម្ពុជាល្ងាចនេះ ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលអ៊ីរ៉ាក់ បានយកឈ្នះក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលម៉ាឡេស៊ី ក្នុងលទ្ធផល ២-១ ។
ប្រកួតចុងក្រោយរបស់កម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣នេះ។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ AFC Futsal Asian Cup ធ្វើឡើងរាល់២ឆ្នាំម្តង ខណៈជប៉ុន ជាម្ចាស់ជើងឯកឆ្នាំចាស់ក្នុងឆ្នាំ២០២២។ ឆ្នាំនេះ មានក្រុមចូលរួមសរុបចំនួន ៣១ក្រុម៕