ក្រសួងកសិកម្មនឹងប្រគល់ម៉ាស៊ីនដាំគ្រាប់ស្រូវ ដល់សហគមន៍កសិកម្មនៅខេត្តកំពង់ចាម
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងប្រគល់ម៉ាស៊ីនដាំគ្រាប់ស្រូវ ដល់សហគមន៍កសិកម្មដែលផលិតស្រូវនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅសប្តាហ៍ក្រោយដើម្បីសាកល្បងពីប្រសិទ្ធភាពមុននឹងផ្សព្វផ្សាយឱ្យកសិករប្រើប្រាស់។
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិកានៃក្រសួងកសិកម្មបានឱ្យដឹងថា ការប្រគល់ជូនសហគមន៍កសិកម្មដែលធ្វើស្រូវនៅស្រុកជើងព្រៃ ដើម្បីសាកល្បងនេះ ដោយសារតែកន្លងទៅសហគមន៍នេះ ត្រូវបានក្រសួងយកធ្វើជាគំរូក្នុងការអនុវត្តគោលនយោបាយកសិកម្មនានា ដូចជាគោលនយោបាយដាក់ពង្រាយមន្ត្រីកសិកម្មតាមឃុំជាដើមដែលទទួលបានជោគជ័យនាពេលកន្លងមក។
លោកបន្តថា៖ «ការគាំទ្ររបស់ក្រសួងនេះ គឺយើងយកម៉ាស៊ីននេះ ឱ្យសហគមន៍នៅស្រុកជើងព្រៃសាកល្បងប្រើប្រាស់សិន ដោយសារយើងពិនិត្យឃើញថា ម៉ាស៊ីននេះ អាចដាំគ្រាប់ស្រូវបានជាគុម្ព និងអាចសម្រួលចន្លោះគុម្ព និងចំនួនគ្រាប់ក្នុង ១ គុម្ពបាន ដូចជា១ ឬ២ ឬ៣ ឬច្រើនគ្រាប់ក្នុង១គុម្ព។ យើងកំពុងផ្តល់ការគាំទ្រដល់កសិករក្នុងការបង្កើនប្រសិទ្ធភាពផលិតកម្មស្រូវ ហើយម៉ាស៊ីនដាំគ្រាប់ស្រូវជាការចូលរួមចំណែកសំខាន់មួយ»។
ដោយឡែក ការគាំទ្ររបស់ក្រសួងបែបនេះ មិនមែនមានន័យថា ក្រសួងនឹងចែកម៉ាស៊ីនដល់សហគមន៍ទេទាំងស្រុងនោះទេ ប៉ុន្តែវាជាការសាកល្បង និងលើកទឹកចិត្តឱ្យសហគមន៍កសិកម្មទិញប្រើ ឬក៏ពលរដ្ឋដែលមានធនធានអាចទិញយកទៅប្រកបអាជីវកម្មសម្រាប់ជួលតែម្ដង។
លោកបណ្ឌិតបន្តថា ម៉ាស៊ីនមានតម្លៃថ្លៃដែលកសិករទូទៅអាចនឹងមិនមានលទ្ធភាពទិញសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ប៉ុន្តែសម្រាប់សហគមន៍កសិកម្មអាចមានលទ្ធភាពប្រើប្រាស់ថវិកាសហគមន៍ ដើម្បីទិញប្រើប្រាស់រួមបាន។
យ៉ាងណាមិញ ឯកឧត្តមបានគូសបញ្ជាក់ថា៖ «ម៉ាស៊ីននេះមានអត្ថប្រយោជន៍ក្នុងការជួយកាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្ម និងមិនសូវស៊ីប្រេងទេ។ យើងចង់ជួយជំរុញលើការផលិតស្រូវរបស់កសិករ តាមរយៈការប្រើប្រាស់ម៉ាស៊ីននេះ ដើម្បីជំរុញការផលិតស្រូវ និងនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ»។
គួររំលឹកថា រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ បានដាក់ចេញយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានដែលជាកម្មវិធីនយោបាយអាទិភាពទី៥ សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាតម្លៃកសិផល។
ការសម្របសម្រួលនេះ ធ្វើឡើងតាមរយៈការដាក់ចេញកញ្ចប់ថវិកាជាក់លាក់ ដោយចាប់ផ្តើមពីចំនួន ១០០ លានដុល្លារអាមេរិក និងអាចវិភាជថវិកាបន្ថែម ប្រសិនបើមានតម្រូវការចាំបាច់ ដើម្បីធ្វើអន្តរាគមន៍ឱ្យបានទាន់ពេល ក្នុងការទិញកសិផលពីប្រជាកសិករជាមួយនឹងគោលដៅរក្សាស្ថិរភាពថ្លៃកសិផលនៅរាល់រដូវប្រមូលផល។
ក្រៅពីនេះ ក្រសួងកសិកម្មក៏កំពុងតែដំណើរការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ ឃុំ-សង្កាត់ ដើម្បីញុំាងឱ្យមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស។ ម្យ៉ាងទៀត ការដាក់ពង្រាយមន្ត្រី កសិកម្មបែបនេះ ក៏អាចរួមចំណែកជួយជំរុញគុណភាពនៃការដាំដុះរបស់កសិករផងដែរ៕