Close

ផ្លូវការហើយ ៖ World Cup 2030 នឹងធ្វើឡើងក្នុងទ្វីបចំនួន៣ និងប្រទេសចំនួន៦

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ កីឡា
ផ្លូវការហើយ ៖ World Cup 2030 នឹងធ្វើឡើងក្នុងទ្វីបចំនួន៣ និងប្រទេសចំនួន៦ ផ្លូវការហើយ ៖ World Cup 2030 នឹងធ្វើឡើងក្នុងទ្វីបចំនួន៣ និងប្រទេសចំនួន៦

(បាល់ទាត់) កាលពីថ្ងៃពុធ ទី៤ ខែតុលានេះ សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានប្រកាសថា ប្រទេសម៉ារ៉ុក អេស្ប៉ាញ និងព័រទុយហ្គាល់ ត្រូវបានតែងតាំងជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០៣០ ខណៈ អ៊ុយរូហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ ត្រូវបានប្រគល់ឱ្យធ្វើជាម្ចាស់ផ្ទះការប្រកួតបើកឆាកចំនួន៣ ដើម្បីរំលឹកខួបមួយសតវត្សនៃការប្រកួតនេះ។

ការសម្រេចចិត្តកាលពីថ្ងៃពុធដោយ FIFA គឺជាលើកទីមួយហើយ ដែលការប្រកួតបាល់ទាត់ពិភពលោក នឹងត្រូវធ្វើឡើងនៅទូទាំងទ្វីបចំនួន៣ និងប្រទេសចំនួន៦ ដែលក្រុមនីមួយៗ នឹងមានសិទ្ធិលេងដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ឆ្លងកាត់ការប្រកួតជម្រុះឡើង ពោលគឺលេងវគ្គ Group Stage ដោយស្វ័យប្រវត្តិ។

FIFA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមប្រឹក្សា FIFA បានយល់ព្រមជាឯកច្ឆ័ន្ទថា បេក្ខភាពតែមួយគត់ នឹងក្លាយជាការដេញថ្លៃរួមរបស់ប្រទេសម៉ារ៉ុក ព័រទុយហ្គាល់ និងអេស្ប៉ាញ ដែលនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នៅឆ្នាំ ២០៣០ និងបានលេង World Cup ដោយស្វ័យប្រវត្តិ”។

FIFA បានបន្តថា “ដោយបានគិតគូរពីបរិបទប្រវត្តិសាស្ត្រ នៃការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ជាលើកដំបូង ក្រុមប្រឹក្សា FIFA បានយល់ព្រមជាឯកច្ឆ័ន្ទ ក្នុងការធ្វើពិធីអបអរសាទរខួបមួយសតវត្សដ៏ពិសេសមួយនៅក្នុងរដ្ឋធានី Montevideo ប្រទេសអ៊ុយរូហ្គាយ ក៏ដូចជាការប្រកួត World Cup ចំនួន៣ប្រកួតដំបូងនៅ អ៊ុយរូហ្គាយ, អាហ្សង់ទីន និងប៉ារ៉ាហ្គាយ”។

ជាមួយគ្នានេះ ប្រធាន FIFA លោក Infantino បានបញ្ជាក់យ៉ាងច្បាស់ថា ការប្រកួតដំបូងនៃការប្រកួតឆ្នាំ World Cup ២០៣០ នឹងធ្វើឡើងនៅកីឡដ្ឋាន Estádio Centenário ក្នុងទីក្រុង Montevideo ដែលជាកន្លែងដូចគ្នា នឹងការប្រកួតបាល់ទាត់ពិភពលោកលើកដំបូង ក្នុងឆ្នាំ១៩៣០។

FIFA ក៏បាននិយាយផងដែរថា ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០៣៤ នឹងធ្វើឡើងនៅក្នុងតំបន់អាស៊ី ឬអូសេអានី ដោយមានសមាគមសមាជិកមកពីតំបន់ទាំងនោះ បានអញ្ជើញឱ្យដេញថ្លៃធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនេះ៕


អត្ថបទទាក់ទង