ឥណ្ឌា ប្រាប់ឲ្យ កាណាដា ដកមន្ត្រីទូត៤១នាក់ចេញពីប្រទេសរបស់ខ្លួន
បរទេស ៖ កាលពីថ្ងៃអង្គារម្សិលមិញនេះប្រទេស ឥណ្ឌា បានប្រាប់ឲ្យប្រទេស កាណាដា ក្នុងការដកមន្ត្រីការទូតចំនួន ៤១ នាក់ក្នុងចំណោមអ្នកការទូតចំនួន ៦២ នាក់ពីក្នុងប្រទេសរបស់ខ្លួន។
ការសម្រេចចិត្តនេះត្រូវបានគេមើលឃើញថា នឹងធ្វើឲ្យមានការកើនឡើងនៃការប្រឈមមុខដាក់គ្នារវាងប្រទេសទាំងពីរជុំវិញការចោទប្រកាន់របស់ កាណាដា ថា ឥណ្ឌា អាចមានជាប់ពាក់ព័ន្ធនឹងការសម្លាប់មេដឹកនាំផ្តាច់ខ្លួន Sikh នៅជាយក្រុង Vancouver ។
មន្ត្រីដែលបានបញ្ជាក់របាយការណ៍នេះទៅកាន់ក្រុមអ្នកកាសែត The Financial Times បាននិយាយក្នុងលក្ខខណ្ឌអនាមិក ព្រោះពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាសាធារណៈនៅឡើយ។
ទោះបីជាយ៉ាងណាក្តី ក្រសួងការបរទេស ឥណ្ឌា បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ប៉ុន្តែអ្នកនាំពាក្យក្រសួង លោក Arindam Bagchi កាលពីលើកមុនក៏ធ្លាប់បានធ្វើការអំពាវនាវម្តងហើយឱ្យកាត់បន្ថយអ្នកការទូត កាណាដា នៅក្នុងប្រទេស ឥណ្ឌា ដោយនិយាយថា បច្ចុប្បន្នពួកគេមានចំនួនលើសពីចំនួនបុគ្គលិករបស់ ឥណ្ឌា នៅក្នុងប្រទេស កាណាដា ។
រំលឹកឡើងវិញដែរថា នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau កាលពីខែមុនបានអះអាងថា រដ្ឋាភិបាលនៃប្រទេសឥណ្ឌា គឺជាអ្នកដែលមានការជាប់ពាក់ព័ន្ធទៅនឹងការសម្លាប់លោក Hardeep Singh Nijjar មេដឹកនាំជនជាតិ Sikh អាយុ ៤៥ឆ្នាំ។ លោកត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងកាលពីខែមិថុនានៅ Surrey នៅខាងក្រៅទីក្រុង Vancouver ។
គួរឲ្យដឹងដែរថា កន្លងមកជាច្រើនឆ្នាំនេះ ប្រទេស ឥណ្ឌា នៅតែបន្តចោទប្រកាន់ថាលោក Nijjar គឺជាពលរដ្ឋ កាណាដា ដែលកើតនៅក្នុងប្រទេស ឥណ្ឌា និងតែងតែមានទំនាក់ទំនងទៅនឹងជាមួយនឹងសកម្មភាពភេរវកម្ម ជាច្រើននៅក្នុងប្រទេសឥណ្ឌាទោះបីជាលោក Nijjar បដិសេធក្តី។
ហេតុការណ៍សម្លាប់ពលរដ្ឋកាណាដាសញ្ជាតិឥណ្ឌារូបនេះនៅក្នុងប្រទេសកាណាដាបានធ្វើឲ្យផ្ទុះនូវការភ្ញាក់ផ្អើលនិងខឹងសំបារយ៉ាងខ្លាំងពីសំណាក់ប្រជាជនជិត២លាននាក់ដែលមានសញ្ជាតិដើមឥណ្ឌាដូចគ្នានិងកំពុងរស់នៅប្រទេសកាណាដា៕