Close

ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិនឹងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ដល់ការផ្តល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយនានាក្នុងការផ្តល់សេវាហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានសន្តិសុខ
ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិនឹងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ដល់ការផ្តល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយនានាក្នុងការផ្តល់សេវាហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិនឹងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ដល់ការផ្តល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយនានាក្នុងការផ្តល់សេវាហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិនឹងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ដល់ការផ្តល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត បន្ទាប់ពីសង្កេតឃើញថា មានសកម្មភាពផ្សព្វផ្សាយ និងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ឬផ្តល់ឥណទានខុសច្បាប់ ជាពិសេសសេវាឥណទាន តាមរយៈទូរស័ព្ទ បណ្ដាញសង្គមនានា និងអនឡាញ យ៉ាងអនាធិបតេយ្យ ដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងបានបង្កផលវិបាកជាច្រើនមកលើសេដ្ឋកិច្ចនិងសង្គម។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរវាង ធនាគារជាតិនៃកម្ពុជា និង អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានចេញផ្សាយនៅថ្ងៃ ២ ខែកុម្ភៈ ឆ្នាំ ២០២៣។

សេចក្តីថ្លែងការណ៍ បានឱ្យដឹងថា នាពេលថ្មីៗនេះ យើងសង្កេតឃើញថា មានសកម្មភាពផ្សព្វផ្សាយ និងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវាឥណទាន តាមរយៈទូរស័ព្ទ បណ្ដាញសង្គមនានា និងអនឡាញ យ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា ដោយបានធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងបានបង្កផលវិបាកជាច្រើនមកលើសេដ្ឋកិច្ចនិងសង្គម តាមរយៈការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែងបំភិតបំភ័យ ការអនុវត្តកិច្ចសន្យាមិនសុចរិត ដោយបង្កប់នូវការកេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ ដែលបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។ ការណ៍នេះបានជះឥទ្ធិពលដល់ស្ថិរភាព ហិរញ្ញវត្ថុ ជំនឿទុកចិត្តរបស់សាធារណជន បរិយាបន្នហិរញ្ញវត្ថុ និងការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជាទាំងមូល។

ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ សូមស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានផ្តល់សេវាទូទាត់ សងប្រាក់ និងគ្រឹះស្ថានឥណទានជនបទ ដែលគ្រឹះស្ថានទាំងនេះស្ថិតក្រោមច្បាប់និងបទប្បញ្ញត្តិ និងការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនគ្រឹះស្ថានទាំងនេះត្រូវបានការពារដោយច្បាប់។

ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ដល់ការផ្តល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត។

ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ សូមសំណូមពរដល់ប្រជាពលរដ្ឋត្រូវចៀសវាងដាច់ខាតចំពោះការខ្ចីប្រាក់ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការដែលពុំមានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា។

ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធអាចចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា សូមប្រជាពលរដ្ឋដែលមានព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពផ្តល់ឥណទានខុសច្បាប់រាយការណ៍មកធនាគារជាតិនៃកម្ពុជា តាមរយៈលេខទូរស័ព្ទចំនួន ៥ ខ្សែ៖ ០៨៥ ៦០០ ០០២, ០៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១, ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០។ បន្ថែមពីនេះ ប្រជាពលរដ្ឋក៏អាចប្រឹក្សា/សាកសួរអំពីចម្ងល់និងបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុមកធនាគារជាតិនៃកម្ពុជា តាមរយៈលេខទូរស័ព្ទខាងលើផងដែរ៕


អត្ថបទទាក់ទង