រូម៉ានី និងឆេក បញ្ជាទិញយន្តហោះចម្បាំង F-35 ច្រើនគ្រឿងតម្លៃរាប់សិបពាន់លានដុល្លារ
បរទេស ៖ ក្រសួងការពារជាតិនៃប្រទេសរូម៉ានីកាលពីថ្ងៃម្សិលមិញនេះបានប្រកាសថានឹងធ្វើការបញ្ជាទិញយន្តហោះចម្បាំងប្រភេទ F-35 Lighting II ចំនួន៣២គ្រឿងនៅក្នុងឆ្នាំ២០២៤ខាងមុខនេះ។
សេចក្តីប្រកាសនេះបានបញ្ជាក់ថាយន្តហោះទាំង៣២គ្រឿងគ្រាន់តែជាដំណាក់កាលទី១នៃការបញ្ជាទិញប៉ុណ្ណោះដោយក្នុងនោះរដ្ឋាភិបាលរូម៉ានីក៏មានផែនការបញ្ជាទិញបន្ថែមប្រមាណជា១៦គ្រឿងបន្ថែមទៀតផងនៅដំណាក់កាលបន្ទាប់។
ការបញ្ជាទិញដែលត្រូវធ្វើឡើងតាមរយៈកម្មវិធីលក់អាវុធឲ្យបរទេសនៃប្រទេសអាមេរិកហើយជឿជាក់ថាវាមានតម្លៃសរុបរហូតទៅដល់៦,៥ពាន់លានដុល្លារ។នៅពេលដែលដំណាក់កាលនីមួយៗបានបញ្ចប់រួចរាល់ កងកម្លាំងទ័ពអាកាសរូម៉ានីនឹងអាចប្រតិបត្តិការកងអនុសេនាធំ F-35 ចំនួនដល់ទៅ៣អង្គភាព។
តាមផែនការរដ្ឋាភិបាលប្រទេសរូម៉ានីសង្ឃឹមថា នឹងអាចទទួលបានយន្តហោះ F-35 ដំបូងនៅត្រឹមឆ្នាំ២០៣០ ហើយកុងត្រានេះនឹងអាចចាត់ទុកថាជាកុងត្រាដ៏ធំបំផុតក្នុងចំណោមបណ្តាសមាជិកណាតូដែលស្ថិតនៅភាគខាងកើត។
គួរឲ្យដឹងដែរថា ក្រុមសម្ព័ន្ធមិត្តអឺរ៉ុបខាងកើតត្រូវបានគេមើលឃើញថាមានការកើនឡើងនៃកំណត់ត្រាទិញយន្តហោះ F-35។ជាក់ស្តែងកាលពីខែមករាឆ្នាំ២០២០គណៈរដ្ឋមន្ត្រីប៉ូឡូញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល៤,៦ពាន់លានដុល្លារដើម្បីទិញអ្នកយន្តហោះចម្បាំងនេះចំនួន៣២គ្រឿងរួមជាមួយនឹងកញ្ចប់បណ្តុះបណ្តាល និងដឹកជញ្ជូនផង។
ក្នុងពេលជាមួយគ្នានេះមេដឹកនាំនៃប្រទេសឆេក ក៏បានប្រកាសកាលពីសប្តាហ៍កន្លងមកហើយដែរថា គណៈរដ្ឋមន្ត្រីរបស់ខ្លួនបានសម្រេចចិត្តរួមគ្នារួចរាល់ហើយដើម្បីអាចបញ្ជាទិញយន្តហោះចម្បាំង F-35 នេះចំនួន២៤គ្រឿងដែរ៕