Close

តួគី ទាមទារឲ្យអាមេរិកលក់ F-16 ជាថ្នូរដោះស្រាយបញ្ហាសមាជិកភាពស៊ុយអែតនៅណាតូ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
តួគី ទាមទារឲ្យអាមេរិកលក់ F-16 ជាថ្នូរដោះស្រាយបញ្ហាសមាជិកភាពស៊ុយអែតនៅណាតូ តួគី ទាមទារឲ្យអាមេរិកលក់ F-16 ជាថ្នូរដោះស្រាយបញ្ហាសមាជិកភាពស៊ុយអែតនៅណាតូ

បរទេស ៖ ម្សិលមិញនេះ ប្រធានាធិបតី តួគី លោក Recep Tayyip Erdogan បានលើកឡើងសាជាថ្មីថា ការផ្តល់សច្ចាប័នទាំងឡាយណាដោយរដ្ឋាភិបាលទីក្រុងអង់ការ៉ាចំពោះការព្យាយាមចូលជាសមាជិកអង្គការណាតូរបស់ប្រទេសស៊ុយអែតគឺវាអាស្រ័យលើរដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Bidenប៉ុណ្ណោះ។

លោក Erdogan​ បានបញ្ជាក់ថា អាមេរិកគួរអនុវត្តទៅតាមការសន្យារបស់ខ្លួនក្នុងការអនុម័តការលក់យន្តហោះចម្បាំង F-16 មកឲ្យប្រទេសតួគីប្រសិនបើចង់ឲ្យតួគីបើកភ្លើងខៀវចំពោះប្រទេសស៊ុយអែតចូលជាសមាជិកប្លុកយោធាមួយនេះ។

លោកប្រធានាធិបតីបានពោលថា សមាជិកភាពរបស់ប្រទេសស៊ុយអែតវាស្ថិតនៅក្នុងដៃរបស់អាមេរិក ពីព្រោះថាបើរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនគោរពតាមពាក្យសន្យានោះរដ្ឋសភាជាតិតួគីក៏នឹងអនុវត្តតាមពាក្យសន្យាដូចគ្នាដែរ។

រំលឹកដែរថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានដកប្រទេសតួគីចេញពីកម្មវិធីទិញយន្តហោះចម្បាំង F-35 កាលពីអំឡុងឆ្នាំ២០១៩ ដោយសារតែរដ្ឋាភិបាលទីក្រុងអង់ការ៉ា បានបញ្ជាទិញប្រព័ន្ធការពារដែនអាកាស S-400 ដែលផលិតដោយរុស្ស៊ី។

ទោះបីជាយ៉ាងណាក្តី ទីក្រុងអង់ការ៉ាបានស្នើសុំការទិញយន្តហោះចម្បាំងនេះម្តងទៀតក្នុងតម្លៃរហូតទៅដល់២០ពាន់លានដុល្លារ ដែលនឹងរួមបញ្ចូលយន្តហោះចម្បាំង F-16 ផង ដែលជាផលិតផលរបស់ក្រុមហ៊ុន Lockheed Martin ក៏ដូចជាឧបករណ៍ទំនើបកម្មប្រហែល៨០ឈុតផ្សេងទៀតសម្រាប់យន្តហោះចម្បាំងដែលមានស្រាប់។

ក្រោយមកកាលពីខែកក្កដា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានសន្យាថានឹងជំរុញការលក់យន្តហោះ F-16 បន្ទាប់ពីទីក្រុងអង់ការ៉ាបានយល់ព្រមបញ្ឈប់ការរារាំងការចូលជាសមាជិករបស់ស៊ុយអែតទៅក្នុងអង្គការណាតូ ប៉ុន្តែរហូតមកដល់ពេលនេះតួគីមិនទាន់បានទទួលដំណឹងថ្មីអំពីការសន្យានេះនៅឡើយទេ៕

អត្ថបទទាក់ទង