Arturo Vidal ស្តីបន្ទោស Erik ten Hag ចំពោះការបណ្តេញ Ronaldo ចេញពី Manchester United
(បាល់ទាត់)៖ អតីតកីឡាកររបស់ក្រុមអ្នកមានបុណ្យ FC Barcelona កីឡាករ Arturo Vidal បានរិះគន់លោក Erik ten Hag ហើយបានអះអាងថា អ្នកចាត់ការ Manchester United រូបនេះ បានបង្កកំហុសដ៏ធំ ដោយសារតែការបង្ខំឲ្យ Cristiano Ronaldo ចាកចេញពី Old Trafford។
ជាការពិតណាស់ Ronaldo ត្រូវបានក្លិបបិសាចក្រហម សម្រេចបញ្ចប់កិច្ចសន្យា កាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីគាត់បានផ្តល់បទសម្ភាសន៍ជាមួយលោក Piers Morgan ដែលគាត់បានរិះគន់ថ្នាក់ដឹកនាំរបស់ក្លឹប និងការគ្រប់គ្រងរបស់លោក Ten Hag។
បន្ទាប់ពីចាកចេញពី Old Trafford Ronaldo បានសម្រេចចិត្តផ្លាស់ទៅចូលរួមជាមួយក្លិប Al Nassr របស់អារ៉ាប៊ីសាអូឌីត ក្នុងខែមករា ជាកន្លែងដែលគេកំពុងឈរជា Top Scorer នៅទីនោះផងដែរ ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ជូលទីចំនួន ៩គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត ៤គ្រាប់ ក្នុងការបង្ហាញ់ខ្លួនសរុប ៦ប្រកួត។
ជុំវិញបញ្ហានេះ Vidal ដែលបច្ចុប្បន្នកំពុងប្រកបអាជីពក្នុងប្រទេសប្រេស៊ីល ជាមួយ Athletico Paranaense ត្រូវបានសួរអំពីស្ថានភាពរបស់ Ronaldo ដែលក្លិបបិសាចក្រហម ឲ្យលោកចាកចេញពី Old Trafford។ Arturo Vidal បាននិយាយថា៖«អ្វីដែលអាក្រក់បំផុតនោះគឺថា ពួកគេបានអបអរសាទរ Ten Hag នៅពេលដែលគាត់បានដក Cristiano ចេញ។ គ្រូបង្វឹកនោះចូលមក គឺពិតអាក្រក់ណាស់។ តើអ្នកនឹងដក Cristiano Ronaldo ចេញដោយរបៀបណា? មានតែមនុស្សឆ្កួតទេដែលធ្វើបែបនេះ។ ការមកដល់របស់ Ten Hag ធ្វើឱ្យមានភាពរញ៉េរញ៉ៃ និងគួរឱ្យខ្លាច»។
គួរបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ លោក Ten Hag ត្រូវបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ បន្ទាប់ពីការចាប់ផ្តើមមិនល្អរបស់ Man Utd ក្នុងរដូវកាលថ្មី ក្រោយប្រកួតចាញ់រហូតដល់ ៣ប្រកួត ក្នុងចំណោម៦ប្រកួត នៅ Premier League៕