Sancho ត្រូវបានមិត្តរួមក្រុមប្រាប់ឱ្យសុំទោសលោក Ten Hag ដើម្បីសង្គ្រោះអាជីពរបស់ខ្លួននៅ Old Trafford
យោងតាមប្រភពមួយបានប្រាប់មកកាន់កាសែត ESPN ថា កីឡាករវ័យក្មេងសញ្ជាតិអង់គ្លេស Jadon Sancho ត្រូវបានមិត្តរួមរបស់ខ្លួននៅក្រុម Manchester United ណែនាំ និងជំរុញឱ្យសុំទោសលោក Erik ten Hag ដែលជាគ្រូបង្វឹក។
ដូចដែលប្រិយមិត្តបានដឹងហើយថា Sancho ត្រូវបានបណ្តេញចេញពីការហ្វឹកហាត់ជាក្រុមលើកឈុតធំរបស់ Man United បន្ទាប់ពីមានការរិះគន់លោក Ten Hag ជុំវិញការមិនមានឈ្មោះ សម្រាប់ការប្រកួតរបស់ United ជាមួយ Arsenal កាលពីដើមខែកញ្ញា។ មកទល់ពេលនេះ កីឡាករវ័យ ២៣ឆ្នាំរូបនេះ នៅតែបដិសេធមិននិយាយពាក្យសុំទោស ទៅកាន់លោក ten Hag ឡើយ ហើយមិនដឹងថា តើពេលណារូបគេនឹងវិលត្រលប់មកក្រុមធំវិញទេ។
ការប្រឈមមុខដាក់គ្នាមានរយៈពេលជាង ៣សប្តាហ៍មកហើយ ហើយមិត្តរួមក្រុមរបស់ Sancho រួមមាន Marcus Rashford, Luke Shaw និង Harry Maguire បានចូលរួមដោះស្រាយស្ថានការណ៍នេះផងដែរ។
យោងតាមប្រភពមួយបានបង្ហើបថា Sancho ត្រូវបានមិត្តរួមក្រុមអង់គ្លេស ប្រាប់ឱ្យសុំទោសលោក Ten Hag ដើម្បីសង្គ្រោះអាជីពរបស់គាត់នៅ Old Trafford ។
គួរបញ្ជាក់ថា Sancho មិនមានឈ្មោះ ក្នុងក្រុមនោះទេ សម្រាប់ការប្រកួតជាមួយ Brighton, Bayern Munich និង Burnley។ គាត់ក៏ត្រូវបានគេបណ្ដេញចេញពីគ្រប់តំបន់ក្រុមឈុតធំ រួមទាំងបន្ទប់ផ្លាស់សំលៀកបំពាក់ និងអាហារដ្ឋានផងដែរ។ Sancho បច្ចុប្បន្នកំពុងហ្វឹកហាត់តែម្នាក់ឯងជាមួយគ្រូជំនួយនៅលើទីលានក្រុមយុវជន។
គួរបញ្ជាក់ថា Sancho បានមកដល់ United ពី Borussia Dortmund ក្នុងកិច្ចព្រមព្រៀង ៧៣លានផោន ក្នុងឆ្នាំ ២០២១ ជាមួយនឹងកិច្ចសន្យារហូតដល់ឆ្នាំ២០២៦៕