ផ្សិតចំបើង ងាយស្រួលបណ្តុះ និងមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់អ្នកទទួលទាន
ភ្នំពេញ ៖ ផ្សិតចំបើង ជាពពួករុក្ខជាតិពក ដុះចេញពីគនរចំបើងសើម(តាមធម្មជាតិ) ដែលជាសំណល់ដំណាំស្រូវក្រោយពេលច្រូតកាត់ រហូតមានកសិករមួយចំនួនបានរៀបចំទីតាំងបណ្តុះបែបកសិដ្ឋាន និងបែបគ្រួសារសម្រាប់បំពេញតម្រូវការទីផ្សារ ក៏ដូចជាការហូបចុកប្រចាំថ្ងៃផងដែរ។
ជាទូទៅ កសិករកម្ពុជាភាគច្រើនប្រកបការងារជាមួយដំណាំស្រូវដែលជាដំណាំសំខាន់ ដូច្នេះពួកគាត់មានវត្ថុធាតុដើមគ្រប់គ្រាន់ដូចជាគល់ជញ្ជាំង និងចំបើងជាដើមសម្រាប់ការធ្វើកំប៉ុស្តិ៍ក្នុង ផលិតកម្មដំណាំផ្សិតចំបើង។ មិនត្រឹមតែប៉ុណ្ណោះកាកសំណល់ដែលសល់ពីដំណាំផ្សិតពួកគេក៏អាចយកទៅប្រើជាជីកំប៉ុស្តិ៍ដ៏ល្អសម្រាប់ដំណាំផ្សេងៗទៀតផងដែរ។
ដំណាំផ្សិត ជាដំណាំដែលមានគុណប្រយោជន៍សម្រាប់ធ្វើជាឱសថ និងជាអាហារបំប៉នផងដែរ វាសំបូរទៅដោយប្រូតេអ៊ីន កាបូអ៊ីដ្រាត វីតាមីនបេ វីតាមីនសេ និងមានជាតិអាស៊ីតអាមីនេផងដែរ (ដកស្រង់ពីមជ្ឈមណ្ឌលស្រាវជ្រាវកម្ពុជាដើម្បីការអភិវឌ្ឍន៍)។ នៅពេលដែលកសិករសម្រេចចិត្តដាំផ្សិត ពួកគាត់នឹងមានឱកាសបង្កើននូវកម្រិតអាហារបំប៉នសម្រាប់បរិភោគ ព្រមទាំងប្រាក់ចំណូលក្នុងគ្រួសារផងដែរ។
ផ្សិតចំបើង ត្រូវបានគេចាត់ទុកថាជាដំណាំដ៏មានឱជារស ហើយកម្រទៀតផង លើសពីនេះវាគឺជាដំណាំដែលងាយដាំមិនស្មុគស្មាញច្រើន មិនត្រូវការពេលវេលាយូរ ហើយអាចដាំនៅក្បែរផ្ទះបាន។ ដូច្នេះ វាជាការងារមួយដ៏សមស្របបំផុត ជាពិសេសសម្រាប់ស្រ្តី ដោយសារពួកគាត់អាចមានពេលធ្វើវាបាន ស្របជាមួយនឹងកិច្ចការផ្ទះរបស់គាត់។
លោក សូ ខនឬទ្ធីគុណ មន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ផ្សិត គឺជាដំណាំដែលកសិករកម្ពុជាអាចដាំដុះបានពេញមួយឆ្នាំ ជាពិសេសនៅរដូវរំហើយបន្ទាប់ពីការប្រមូលផលស្រូវ ព្រោះនៅរដូវនេះកសិករមានចំបើងគ្រប់គ្រាន់សម្រាប់ការដាំដុះដំណាំផ្សិត ហើយអាកាសធាតុក៏អំណោយផលល្អសម្រាប់ដំណាំនេះផងដែរ។ ផ្សិតជាដំណាំពហុប្រយោជន៍ដែលសំបូរទៅដោយសារធាតុចិញ្ចឹមដូចជាប្រូតេអ៊ីន កាបូអ៊ីដ្រាត វិតាមីនបេ និងវិតាមីនសេ ដែលអាចយកវាទៅធ្វើជាអាហារ ប្រចាំថ្ងៃ ហើយពីនេះទៀត ផ្សិតមួយចំនួនត្រូវបានគេយកទៅធ្វើជាឱសថផងដែរ។
លោកបន្ថែមថា ផ្សិត ត្រូវបានគេចាត់ទុកជាដំណាំដ៏មានឱជារសជាពិសេសផ្សិតចំបើង ដែលជាឱកាសល្អសម្រាប់កសិករក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ព្រោះ វាងាយស្រួលបណ្តុះ និងមិនត្រូវការពេលវេលាយូរ។
ទោះជាយ៉ាងណា ពាក់ព័ន្ធទៅនឹងបច្ចេកទេសនៃការបណ្តុះផ្សិត បច្ចុប្បន្ន នេះគេសង្កេតថាកសិករអាចស្វែងយល់បន្ថែមបានតាមរយ:ការរៀនជំនាញបណ្តុះតៗគ្នា ការស្វែងយល់តាមរយ:បណ្ដាញសង្គម យូធូប ជាដើម៕