MARCUS HABER ជាកីឡាករតែម្នាក់គត់ស៊ុតបញ្ជូលទីគ្រប់ការប្រកួតនៅ CPL គិតត្រឹមសប្ដាហ៍ទី៦
(បាល់ទាត់)៖ ខ្សែប្រយុទ្ធអន្តរជាតិសញ្ជាតិកាណាដា កីឡាករ MARCUS WARREN HABER ក្លាយជាកីឡាករសុតបញ្ចូលទីច្រើនជាងគេនៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣/២៤ គិតត្រឹមសប្ដាហ៍ទី៦ ដោយសុតបាន ៨គ្រាប់។
កាលពីយប់មិញនេះ MARCUS HABER បានស៊ុតបញ្ជូលទី១គ្រាប់ ក្នុងជួបដែល ក្រុមព្រះខ័នរាជស្វាយរៀង យកឈ្នះ ក្រុមម្ចាស់ផ្ទះវិសាខា ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣/២៤ សប្ដាហ៍ទី៦។
គួរបញ្ជាក់ថា ៨ គ្រាប់របស់ MARCUS WARREN HABER រកបាននៃការប្រកួតជាមួយកងយោធពលខេមរភូមិន្ទ ២គ្រាប់ , ភ្នំពេញក្រោន ២គ្រាប់, ណាហ្គាវើលដ៍ ១គ្រាប់, អាយអេសអាយដង្កោសែនជ័យ ១គ្រាប់, អង្គរថាយហ្គឺរ ១គ្រាប់ និងជាមួយវិសាខា ១គ្រាប់ បានក្លាយជាកីឡាករតែម្នាក់គត់ ដែលសុតបញ្ចូលទីគ្រប់ការប្រកួតនៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ សម្រាប់៦សប្ដាហ៍ កន្លងមកនេះ។
សូមបញ្ជាក់ថា ប្រកួតក្រោយ ក្រុមព្រះខ័នរាជស្វាយរៀង របស់ MARCUS WARREN HABER នឹងធ្វើដំណើរទៅសួរសុខទុក្ខក្រុមព្រៃវែង អេហ្វស៊ី នាកីឡដ្ឋានព្រៃវែង វេលាម៉ោង ៣៖៤៥នាទីល្ងាច៕