IMF ទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចអង់គ្លេសធ្លាក់ចុះដល់ ០,៦ ភាគរយក្នុងឆ្នាំនេះ
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចអង់គ្លេសនឹងធ្លាក់ចុះ ០,៦ ភាគរយនៅក្នុងឆ្នាំនេះ ខណៈដែលការព្យាករណ៍ថ្មីនេះបានឆ្លុះបញ្ចាំងពីការឡើងថ្លៃតម្លៃថាមពល និងការឡើងអតិផរណាខ្ពស់ ជាពិសេស ផលិតផលក្នុងស្រុកសរុប (GDP) នឹងបន្តធ្លាក់ចុះ ០,៣ ភាគរយនៅឆ្នាំនេះ ហើយចក្រភពអង់គ្លេសនឹងក្លាយជាប្រទេសតែមួយគត់ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនរបស់ពិភពលោកដែលកំពុងទទួលរងនូវការធ្លាក់ចុះ GDP។
ប្រធាន IMF លោក Pierre-Olivier Gourinchas បាននិយាយថា ចក្រភពអង់គ្លេសមានកំណើនរឹងមាំ ៤,១ ភាគរយ ដែលជាអត្រាកំណើនដ៏ខ្លាំងបំផុតមួយនៅអឺរ៉ុបកាលពីឆ្នាំ២០២២កន្លងទៅនេះ។ យ៉ាងណាមិញ វានឹងមានការធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំនេះ ដោយសារកំណើននឹងប្រែទៅជាអវិជ្ជមាន ដែលបណ្តាលមកពីការឡើងថ្លៃតម្លៃថាមពលខ្ពស់ និងការពឹងផ្អែកខ្ពស់លើហ្គាសធម្មជាតិ។ ជាការឆ្លើយតបទៅនឹងអតិផរណាខ្ពស់នេះផងដែរ ធនាគារកណ្តាលអង់គ្លេសបានធ្វើការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ។
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Rishi Sunak បាននិយាយឱ្យដឹងថា លោកនឹងខិតខំកាត់បន្ថយអតិផរណាពាក់កណ្តាលនៅចុងឆ្នាំនេះ។ បញ្ហាប្រឈមរយៈពេលខ្លីមិនគួរទុកចោលក្នុងរយៈពេលយូរនោះទេ ហើយប្រសិនបើប្រកាន់ខ្ជាប់នូវផែនការក្នុងការកាត់បន្ថយអតិផរណាពាក់កណ្តាល នោះចក្រភពអង់គ្លេសនឹងត្រូវបានគេព្យាករណ៍ថាអាចនឹងកើនឡើងលឿនជាងប្រទេសអាល្លឺម៉ង់ និងជប៉ុនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
ស្របពេលជាមួយគ្នានេះ IMF បានព្យាករណ៍ថា សេដ្ឋកិច្ចចក្រភពអង់គ្លេសនឹងធ្លាក់ចុះ កំណើនសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកនឹងឡើង ១,៤ ភាគរយ អាល្លឺម៉ង់ ០,១ ភាគរយ បារាំង ០,៧ ភាគរយ អ៊ីតាលី ០,៦ ភាគរយ ជប៉ុន ១,៨ ភាគរយ និង កាណាដា ១,៥ ភាគរយ។ សរុបជារួម IMF បានប៉ាន់ប្រមាណថា អតិផរណាពិភពលោកបានឆ្លងផុតកម្រិតកំពូលរបស់ខ្លួន ហើយនឹងធ្លាក់ចុះពី ៨,៨ ភាគរយកាលពីឆ្នាំមុនមក ៦,៦ ភាគរយនៅឆ្នាំនេះ។