Close

បញ្ហាពាណិជ្ជកម្មកសិកម្ម ៖ ប៉ូឡូញថាអ៊ុយក្រែនកំពុងសម្ដែងដូចខ្លួនជាមនុស្សលង់ទឹក

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
បញ្ហាពាណិជ្ជកម្មកសិកម្ម ៖ ប៉ូឡូញថាអ៊ុយក្រែនកំពុងសម្ដែងដូចខ្លួនជាមនុស្សលង់ទឹក បញ្ហាពាណិជ្ជកម្មកសិកម្ម ៖ ប៉ូឡូញថាអ៊ុយក្រែនកំពុងសម្ដែងដូចខ្លួនជាមនុស្សលង់ទឹក

បរទេស ៖ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda កាលពីថ្ងៃម្សិលមិញបានលើកឡើងទាំងមិនសប្បាយចិត្តក្រោយទទួលបណ្តឹងពីរដ្ឋាភិបាលទីក្រុង Kiev ជុំវិញបញ្ហារឹតបន្តឹងការនាំចេញធញ្ញជាតិរបស់អ៊ុយក្រែនមកកាន់ប្រទេសប៉ូឡូញថា ប្រទេសអ៊ុយក្រែនកំពុងសម្ដែងធ្វើខ្លួនជាមនុស្សលង់ទឹកម្នាក់ ប៉ុន្តែបែរជាព្រមានក្នុងការកាត់ផ្តាច់ទំនាក់ទំនងជាមួយនឹងប្រទេសដែលជាអ្នកគាំទ្រដ៏សំខាន់មួយនៅក្នុងជម្លោះជាមួយនឹងប្រទេសរុស្ស៊ីទៅវិញ។

ស្ថានភាពតានតឹងរវាងប្រទេសប៉ូឡូញ និងអ៊ុយក្រែននេះក៏បានធ្វើឲ្យជំនួបនៃប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky និងប្រធានាធិបតីប៉ូឡូញ Andrzej Duda ដែលគ្រោងធ្វើឡើងនៅក្នុងទីក្រុង New York នោះក៏ត្រូវបានលុបចោលទៅហើយដែរ។

លោក Duda បាន​ធ្វើ​ការ​លើក​ឡើង​នេះ ខណៈ​ពេលដែលលោកកំពុងធ្វើការថ្លែងការណ៍​ទៅ​កាន់​ក្រុម​អ្នក​កាសែត​នៅ​ក្រៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​អង្គារដោយលោកប្រធានាធិបតី​បាន​ត្អូញត្អែរ​ថា អ៊ុយក្រែន ដែល​បច្ចុប្បន្ន​កំពុង​ប្រឡូក​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ក្រុង​មូស្គូយ៉ាងខ្លាំងក្លានោះ នៅតែបន្ត​ប្រកាន់​ខ្ជាប់​យ៉ាង​ខ្លាំង​នូវ​អ្វី​ដែលខ្លួនត្រូវតែមាននិងទទួលបាន។

លោកប្រធានាធិបតីប៉ូឡូញបាន​បន្តពន្យល់​ថា ៖ ការធ្វើខ្លួនដូចជាអ្នក​លង់​ទឹកម្នាក់គឺ​មាន​គ្រោះថ្នាក់រួចទៅហើយ ហើយក៏អាចធ្វើឲ្យ​លង់ដល់ទាំង​អ្នក​ជួយ​សង្គ្រោះ​ផងដែរ។ វាមាន​​ស្ថានភាពដូចគ្នា​រវាង​ប៉ូឡូញ និង​អ៊ុយ​ក្រែ​ន​ពេល​នេះ​ ដូច្នេះទីក្រុង Warsaw ​ត្រូវ​តែ​ចាត់​វិធានការ​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ខ្លួន ហើយ​មិន​ត្រូវអនុញ្ញាតឲ្យអ៊ុយក្រែន​អូសទាញ​ខ្លួនឲ្យធ្លាក់ចូលក្នុងបញ្ហាដូចគ្នានោះជាដាច់ខាត។

ជម្លោះនៃការនាំចូលគ្រាប់ធញ្ញជាតិរវាង Kiev និង Warsaw បានចាប់ផ្តើមនៅពេលដែលប៉ូឡូញ រួមជាមួយហុងគ្រី និងស្លូវ៉ាគីបានបដិសេធមិនធ្វើតាមការណែនាំរបស់ EU និងដកទណ្ឌកម្មលើការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ដោយលើកឡើងពីតម្រូវការដើម្បីការពារអ្នកផលិតកសិកម្មក្នុងស្រុករបស់ពួកគេចំពេលតម្លៃទីផ្សារធ្លាក់ចុះ។

គួរឲ្យដឹងដែរថា លោកDuda និង Zelensky នឹងត្រូវធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាអង្គការសហប្រជាជាតិដូចគ្នា ហើយជួបជុំគ្នាពិភាក្សាទ្វេភាគីទៅបញ្ហាមួយចំនួនដូចជាការនាំចូលកសិកម្ម ក៏ដូចជាប្រតិបត្តិការវាយបករបស់ទីក្រុង Kiev ប្រឆាំងនឹងរុស្ស៊ី ដែលបានតស៊ូយ៉ាងខ្លាំងក្លាអស់រយៈពេលជាងបីខែមកហើយនោះ៕

អត្ថបទទាក់ទង