Close

ប្រធានាធិបតីកូរ៉េខាងត្បូងតែងតាំងរដ្ឋមន្ត្រីការពារជាតិថ្មី ស្របពេលកូរ៉េខាងជើងបន្តតេស្តមីស៊ីល

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូងតែងតាំងរដ្ឋមន្ត្រីការពារជាតិថ្មី ស្របពេលកូរ៉េខាងជើងបន្តតេស្តមីស៊ីល ប្រធានាធិបតីកូរ៉េខាងត្បូងតែងតាំងរដ្ឋមន្ត្រីការពារជាតិថ្មី ស្របពេលកូរ៉េខាងជើងបន្តតេស្តមីស៊ីល

បរទេស ៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yul កាលពីដើមសប្តាហ៍កន្លងមកនេះបានប្រកាសតែងតែរដ្ឋមន្ត្រីក្រសួងការពារជាតិថ្មីដែលបច្ចុប្បន្នជាសមាជិកសភានិងជាអតីតមេបញ្ជាការចូលនិវត្តម្នាក់ផងដែរគឺលោក Shin Won Sik។

គេសង្កេតឃើញថាការប្រកាសតែងតាំងមន្ត្រីកំពូលរូបនេះបានធ្វើឡើងនៅចំពេលដែលប្រទេសបងប្អូន និងជាប្រទេសជាប់ព្រំដែនគ្នាគឺកូរ៉េខាងជើងបានបន្តធ្វើការបាញ់សាកល្បងមីស៊ីលរបស់ខ្លួនសាជាថ្មីម្តងហើយម្តងទៀត និងក្រោយពេលដែលមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ទើបតែបញ្ចប់ដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសរុស្ស៊ីដោយបានជួបជាមួយនឹងមេដឹកនាំរុស្ស៊ី លោកប្រធានាធិបតី Vladimir Putinផង។

លោក Shin ធ្លាប់បម្រើឲ្យកងទ័ពកូរ៉េខាងត្បូងអស់រយៈពេល៣៥ឆ្នាំមកហើយរហូតបានក្លាយជាមេបញ្ជាការ និងបានប្រកាសចូលនិវត្តតាំងតែពីឆ្នាំ២០១៦មកម្ល៉េះ។ លោកធ្លាប់ជាអនុប្រធានអគ្គសេនាធិការចម្រុះក្នុងឆ្នាំ ២០១៥ និងដឹកនាំបញ្ជាការដ្ឋានការពារពីឆ្នាំ ២០១២ ដល់ឆ្នាំ២០១៣។

ក្រោយមក បុរសវ័យ៦៥ឆ្នាំរូបនេះក៏ចូលប្រឡូកក្នុងឆាកនយោបាយភ្លាមៗបន្ទាប់ពីចូលនិវត្តន៍ពីជួរយោធា ហើយបច្ចុប្បន្នលោកចូលបម្រើការងារក្នុងរដ្ឋសភាជាសមាជិកនៃគណបក្សអំណាចប្រជាជនដែលកំពុងកាន់អំណាចផងដែរ។

គួរឲ្យដឹងដែរថា កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក៏ទើបតែបានប្រកាសតែងតាំងលោក Minoru Kihara ជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់ប្រទេសនេះផងដែរដោយលោក Kiharaកន្លងមកធ្លាបបំពេញការងារជា ទីប្រឹក្សាសន្តិសុខជាតិ ក្រោមការគ្រប់គ្រងប្រទេសរបស់អាណត្តិរបស់អតីតនាយករដ្ឋមន្ត្រីលោក Abe និង លោក Suga ៕

អត្ថបទទាក់ទង