រដ្ឋមន្ត្រីការបរទេសចិន ហោះទៅរុស្ស៊ីភ្លាមក្រោយកិច្ចពិភាក្សាមួយថ្ងៃជាមួយអាមេរិក
បរទេស ៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក្រោយបញ្ចប់ជំនួបពិភាក្សាដ៏សំខាន់មួយជាមួយនឹងអាមេរិកកាលពីថ្ងៃទី១៦ និង១៧ ខែកញ្ញានៅប្រទេសម៉ាល់តា បានធ្វើដំណើរភ្លាមទៅកាន់ប្រទេសរុស្ស៊ីដែរកាលពីថ្ងៃទី១៨ ខែកញ្ញាម្សិលមិញនេះ។
តាមផែនការមន្ត្រីកាទូតកំពូលចិនរូបនេះនឹងត្រូវបន្តបំពេញទស្សនកិច្ចនៅក្នុងប្រទេសរុស្ស៊ីរហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។
យោងតាមរបាយការណ៍ដែលត្រូវបានបង្ហាញដោយសេតវិមានបានឲ្យដឹងថាក្រុមមន្ត្រីជាន់ខ្ពស់ចិន និងអាមេរិកដែលដឹកនាំដោយលោករដ្ឋមន្ត្រីការបរទេស Wang Yi និងទីប្រឹក្សាសន្តិសុខជាតិ Jake Sullivan បានពិភាក្សាគ្នាដោយផ្តោតលើប្រធានបទសំខាន់ជាច្រើននៃទំនាក់ទំនងទ្វេភាគីផង បញ្ហាក្នុងតំបន់ផង និងសកលលោកផង ជាពិសេសគឺបញ្ហាជម្លោះនៅអ៊ុយក្រែន។
កន្លងមកអ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ក៏ធ្លាប់បានអះអាងរួចមកហើយថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នឹងបើកកិច្ចពិភាក្សាទ្វេភាគីមួយជាមួយនឹងលោករដ្ឋមន្ត្រីការបរទេសចិន Wang Yi នៅក្នុងទីក្រុងមូស្គូក្នុងខែកញ្ញានេះ។
រំលឹកដែរថា កាលពីខែកុម្ភៈកន្លងមកប្រទេសចិនធ្លាប់បានធ្វើបទបង្ហាញនូវផែនការសម្រាប់កសាងសន្តិភាពឡើងវិញនៅអ៊ុយក្រែនម្តងដែរ ប៉ុន្តែវាត្រូវបានរិះគន់និងបដិសេធមិនទទួលយកឡើយពីសំណាក់បណ្តាប្រទេសលោកខាងលិចនិងទាំងប្រទេសអ៊ុយក្រែនខ្លួនឯងផ្ទាល់ផងដែរ។
គិតមកទល់នឹងពេលនេះ ស្ថានភាពនៃជម្លោះនៅអ៊ុយក្រែនហាក់ដូចជាស្ងប់ស្ងាត់បន្តិចដោយសារតែប្រតិបត្តិការវាយបករបស់អ៊ុយក្រែនតាំតែពីខែមិថុនាមកនោះហាក់ដូចជាមិនសូវទទួលបាន
លទ្ធផលគាប់ចិត្តដូចការរំពឹងទុករបស់លោកខាងលិច និងអាមេរិកឡើយដោយអ៊ុយក្រែនបានបាត់បង់ជីវិតយោធាដល់ទៅ ៧១,០០០នាក់មកហើយ៕