Close

អសន្តិសុខនៅអាមេរិក ៖ ការបាញ់ប្រហារទ្រង់ទ្រាយធំកើនដល់៥០០ករណីក្នុងឆ្នាំនេះ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អសន្តិសុខនៅអាមេរិក ៖ ការបាញ់ប្រហារទ្រង់ទ្រាយធំកើនដល់៥០០ករណីក្នុងឆ្នាំនេះ អសន្តិសុខនៅអាមេរិក ៖ ការបាញ់ប្រហារទ្រង់ទ្រាយធំកើនដល់៥០០ករណីក្នុងឆ្នាំនេះ

បរទេស ៖ គិតត្រឹមចុងសប្តាហ៍កន្លងមកនេះចំនួននៃការបាញ់ប្រហារទ្រង់ទ្រាយធំឬ Mass Shooting នៅក្នុងប្រទេសអាមេរិកបានកើនឡើងទៅដល់៥០០ករណីរួចមកហើយសម្រាប់ឆ្នាំ២០២៣នេះ ឬជាមធ្យម២ករណីក្នុងមួយថ្ងៃ។

ភ្នាក់ងារជាតិទទួលបន្ទុកកិច្ចការងារគ្រប់គ្រងទិន្នន័យនៃសកម្មភាពហិង្សាដោយអាវុធ ( GVA) បានពន្យល់ថាការបាញ់ប្រហារទ្រង់ទ្រាយធំ ឬ Mass Shooting គឺជាប្រភេទករណីប្រើប្រាស់ហិង្សាដោយអាវុធដោយមានការចូលរួមចាប់ពីមនុស្ស៤នាក់ឡើងទៅ ហើយវាបានបណ្តាលឲ្យមានមនុស្សស្លាប់ ឬរបួសដោយមិនគិតបញ្ចូលជាមួយនឹងខ្មាន់កាំភ្លើងឡើយ។

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប៉ូលីសនៅ Denver បានរាយការណ៍ថា មានករណីបាញ់ប្រហារបែប Mass Shooting មួយករណីបានកើតឡើង និងបានធ្វើឲ្យមនុស្ស៥នាក់រងរបួស ហើយវាត្រូវបានរាប់បញ្ចូលទៅជាករណី Mass Shooting ទី៥០០របស់សហរដ្ឋអាមេរិក។

កាលពីប៉ុន្មានម៉ោងក្រោយមកនៅ El Paso ប៉ូលីសបានរាយការណ៍ករណី Mass Shooting ទី៥០១ ដែលបានធ្វើឲ្យជីវិតបុរសម្នាក់ស្លាប់ និងរបួស៥នាក់ផ្សេងទៀត។

គួរឲ្យដឹងដែរថា ជាប្រវត្តិសាស្ត្ររបស់អាមេរិកឆ្នាំ២០២១គឺជាឆ្នាំដែលមានតួលេខនៃការបាញ់ប្រហារទ្រង់ទ្រាយធំកើតឡើងច្រើនបំផុត ពោលទៅដល់ប្រមាណជា៦៨៩ករណី ប៉ុន្តែក្រោយមកនៅឆ្នាំបន្ទាប់ចំនួននេះបានធ្លាក់ចុះមកត្រឹម៦៤៧ករណី។

ថ្មីៗនេះ មជ្ឈមណ្ឌលជាតិសម្រាប់ស្ថិតិអប់រំ (NCES) បានចេញផ្សាយរបាយការណ៍ឧក្រិដ្ឋកម្ម និងសុវត្ថិភាពប្រចាំឆ្នាំរបស់ខ្លួនដែលបង្ហាញពីការបាញ់ប្រហារនៅសាលារៀនចំនួន១៨៨ករណីជាមួយនឹងការស្លាប់ និងរបួសក្នុងឆ្នាំសិក្សា២០២១-២០២២មានការកើនឡើងពីរដងនៃចំនួនឧប្បត្តិហេតុដែលបានចងក្រងកាលពីឆ្នាំមុន៕

អត្ថបទទាក់ទង