Marco Verratti សម្រេចចែកផ្លូវជាមួយ PSG ទៅចូលរួមជាមួយក្លិប Al-Arabi របស់កាតា
ខ្សែបម្រើក្រុមជម្រើសជាតិអុីតាលី កីឡាករ Marco Verratti បានចាកចេញពីយក្សបារាំង Paris St Germain ទៅចូលរួមជាមួយក្លិប Al-Arabi របស់កាតា។ នេះបើយោងតាមការប្រកាសរបស់ក្លឹប Ligue 1 កាលពីថ្ងៃពុធ ម្សិលមិញនេះ។
Marco Verratti បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ឆ្នាំ ជាមួយក្លឹប Al-Arabi SC សមាជិក Qatar Stars League ដែលបានចំណាយប្រាក់ចំនួន ៤៥លានអឺរ៉ូ សម្រាប់កីឡាករវ័យ ៣០ឆ្នាំរូបនេះ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី។
ក្លិប PSG បានចេញសេចក្ដីថ្លែងការមួយថា៖ “បន្ទាប់ពីរយៈពេល ១១ឆ្នាំ នៅ Paris Saint-Germain ពេលនេះ Marco Verratti បានចុះហត្ថលេខាជាមួយក្រុម Al-Arabi SC របស់កាតា ដោយកីឡាករអន្តរជាតិអ៊ីតាលីរូបនេះ នឹងត្ររូវបានកត់ទុកក្នុងប្រវត្តិសាស្ត្រក្លឹប។ ក្លិបសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះ Marco សម្រាប់អ្វីគ្រប់យ៉ាងដែលគាត់បានផ្តល់ឱ្យក្លឹប ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក៏ដូចជាជូនពរគាត់ឱ្យទទួលបានជោគជ័យ សម្រាប់អាជីពដែលនៅសល់”។
ជាមួយគ្នានេះ Verratti បាននិយាយទៅកាន់ក្លឹបថា៖«ខ្ញុំមានមោទនភាពណាស់ ដែលបានពាក់អាវរបស់ Paris St Germain អស់រយៈពេលជាងមួយទសវត្សរ៍ និងលេងជាមួយកីឡាករល្អៗជាច្រើន និងឈ្នះពានរង្វាន់ចំនួន ៣០។ ក្លឹបប៉ារីស និងអ្នកគាំទ្រ តែងតែមានកន្លែងពិសេសមួយនៅក្នុងបេះដូងរបស់ខ្ញុំ។ ខ្ញុំនឹងនៅតែជា កីឡាករ PSG ជារៀងរហូត»។
គួរបញ្ជាក់ថា Verratti បានចូលរួមជាមួយ PSG ក្នុងឆ្នាំ ២០១២ ពីក្លឹបកំណើត Pescara។ ក្នុង ១១ រដូវកាលនៅ PSG Verratti បានលេង ៤១៦ ប្រកួត ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករបង្ហាញខ្លួនបានច្រើនបំផុតទីពីររបស់ក្លឹប បន្ទាប់ពី Jean-Marc Pilorget។ អំឡុងពេលស្នាក់នៅទឹកដីបារាំង គាត់បានជួយ PSG ឈ្នះជើងឯកលីកចំនួន ៩ដង រួមជាមួយនឹង French Cup ចំនួន ៦លើក៕