Close

រដ្ឋបាលជលផលសហការជាមួយអង្គការអន្តរជាតិ ជួយជំរុញផលិតផលវារីវប្បកម្មឱ្យមានស្តង់ដារប្រកួតប្រជែង

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ សង្គម
រដ្ឋបាលជលផលសហការជាមួយអង្គការអន្តរជាតិ ជួយជំរុញផលិតផលវារីវប្បកម្មឱ្យមានស្តង់ដារប្រកួតប្រជែង រដ្ឋបាលជលផលសហការជាមួយអង្គការអន្តរជាតិ ជួយជំរុញផលិតផលវារីវប្បកម្មឱ្យមានស្តង់ដារប្រកួតប្រជែង

តាមរយៈគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH) រដ្ឋបាលជលផលបានទទួលជំនួយពីសហភាពអឺរ៉ុប និងអង្គការយូនីដូ ក្នុងការអនុវត្តនូវប្រព័ន្ធស្តង់ដាម្ហូបអាហារនៅកម្ពុជា​ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាតិនិង អន្តរជាតិ។

លោក ថោង រ៉ា អ្នកជំនាញសុវត្ថិភាពម្ហូបអាហារថ្នាក់ជាតិនៃគម្រោង CAPFISH-Capture​ បានបញ្ជាក់ឱ្យដឹងពីគោលបំណងនៃការអនុវត្តគម្រោងខាងលើរួមគ្នាថា៖

គោលបំណងសំខាន់ទី១គឺដើម្បីពង្រឹងសមត្ថិភាពអាជ្ញាធរ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធច្បាប់ បទបញ្ញត្តិ សុវត្ថិភាពម្ហូបអាហារ និងប្រព័ន្ធត្រួតពិនិត្យផ្លូវការក្នុងវិស័យជលផល។​ ទី២គឺ ជួយគាំទ្រ និងពង្រឹងសមត្ថិភាពវិស័យឯកជន ដើម្បីធានាថាពួកគេអនុឡោមទៅតាមស្តង់ដារជាតិ និង​អន្តរជាតិ និងល័ក្ខខណ្ឌតម្រូវរបស់ទីផ្សារក្នុងស្រុក និងក្រៅស្រុក និងចុងក្រោយគឺ ជួយពង្រឹងភាព​ប្រកួ​ត​ប្រជែង​វិស័យជលផលក្រោយពេលប្រមូលផលតាមរយៈការស្រាវជ្រាវ និងនវានុវត្តន៍។

អ្នកជំនាញដដែលនេះបានបន្តឱ្យដឹងថា៖ «គម្រោងនេះផ្ដោតសំខាន់លើការលើកកម្ពស់​សុវត្ថិភាព​ម្ហូបអាហារនៅក្នុងវិស័យជលផល និងជួយផលិតផលជលផលដើម្បីឱ្យមានភាពប្រកួតប្រជែង​នៅក្នុងទីផ្សារ»។

ក្រៅពីនេះ គម្រោងបានលើកកម្ពស់សុវត្ថិភាពចំណីអាហារក្នុងវិស័យជលផល​តាមរយៈការបង្កើត​ឱ្យមាន​បទបញ្ញត្តិ និងប្រព័ន្ធត្រួតពិនិត្យ​ចំណីអាហារ​​ក្នុងវិស័យជលផលផងដែរ។

លោកបន្តថា៖ «យើងបានជួយពង្រឹមសមត្ថិភាព និងបច្ចេកទេសរបស់អាជ្ញាធរ ដើម្បីធ្វើឱ្យប្រាកដថា​មានសុវត្ថិភាព និងសុច្ចរិតភាពនៃផលិតផលជលផល បានអនុឡោមទៅ​តាមស្តង់ដារអនាម័យ និងសុវត្ថិភាពម្ហូបអាហារ»។

មិនត្រឹមតែប៉ុណ្ណោះ គម្រោងក៏បានជួយអាជ្ញាធរក្នុងការត្រួតពិនិត្យសារធាតុគីមីនៅក្នុងផលិតផល​វារីវប្បកម្ម ដោយត្រួតពិនិត្យលើសារធាតុហាមឃាត់ដូចជាពពួកថ្នាំអរម៉ូន ថ្នាំគីមីកសិកម្ម ឬថ្នាំសម្លាប់សត្វល្អិត។

យ៉ាងណាមិញ សហគ្រាសកែច្នៃផលិតផលជលផល និងអាចទទួលបានការគាំទ្រពីគម្រោងខាងលើ​រួមមាន សហគ្រាសកែច្នៃទឹកត្រី​ ងៀតត្រី បង្គាក្រៀម ត្រីឆ្អើរ ម្សៅត្រី ត្រីផ្អាប់ និងគ្រំចំពុះទាជាដើម។

មកដល់បច្ចុប្បន្ន គម្រោងបានជួយគាំទ្រដល់សហគ្រាសចំនួន ២៨ ដើម្បីជួយពួកគេក្នុងការធ្វើឱ្យ​ប្រសើរ​ឡើងនូវទីតាំងកែច្នៃ ក៏ដូចជាការអនុវត្តស្តង់ដារសុវត្ថិភាព ក្នុងនោះសហគ្រាសចំនួន៨​បានទទួលវិញ្ញាបនប័ត្រ ៤ទទួលបានកម្រិតមូលដ្ឋាន និង៤ទៀតទទួលបានកម្រិតពេញលេញ។

ជារួមជំនួយជួយទៅកាន់សហគ្រាសចំនួន ២៨នេះ រដ្ឋបាលជលផលបានប្រើប្រាស់ទឹកប្រាក់​ចំនួន៨៥ម៉ឺនដុល្លារ។ ហើយបច្ចុប្បន្ន គម្រោងកំពុងបើកឱ្យដាក់ពាក្យស្នើសុំជាលើកទី២ សម្រាប់សហគ្រាសកែច្នៃផលិតផលវារីវប្បកម្ម ដើម្បីយកកញ្ចប់វិនិយោគ ដែលជួយទាំងថវិកា ​និងជំនួយបច្ចេកទេសផងដែរ៕

អត្ថបទទាក់ទង