Close

AFC U23 ៖ យប់នេះ! កម្ពុជា ត្រូវការឈ្នះម្ចាស់ផ្ទះ អារ៉ាប់ប៊ីសាអូឌីត ដាច់ខាត ដើម្បីធានាកៅអីឡើងទៅវគ្គបន្ត

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
AFC U23 ៖ យប់នេះ! កម្ពុជា ត្រូវការឈ្នះម្ចាស់ផ្ទះ អារ៉ាប់ប៊ីសាអូឌីត ដាច់ខាត ដើម្បីធានាកៅអីឡើងទៅវគ្គបន្ត AFC U23 ៖ យប់នេះ! កម្ពុជា ត្រូវការឈ្នះម្ចាស់ផ្ទះ អារ៉ាប់ប៊ីសាអូឌីត ដាច់ខាត ដើម្បីធានាកៅអីឡើងទៅវគ្គបន្ត

នៅល្ងាចថ្ងៃ អង្គារ ទី១២ ខែកញ្ញានេះ ក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U23 អារ៉ាប់ប៊ីសាអូឌីត ដើម្បីកំណត់ជោគវាសនាក្រុមត្រូវឡើងវគ្គបន្ដ នៃពានរង្វាន់ AFC U23 Asian Cup 2024 ដែលធ្វើឡើងនៅក្នុងប្រទេសកាតា។

ជំនួបដ៏មានសារៈសំខាន់នៅរាត្រីយប់នេះ នឹងធ្វើឡើងនៅវេលាម៉ោង ១១:០០យប់ (ម៉ោងនៅកម្ពុជា) ខណៈការប្រកួតត្រូវធ្វើឡើងនៅពហុកីឡដ្ឋាន Prince Sultan ។ មែនទែនទៅ នេះគឺជាការប្រកួតដ៏សំខាន់ ហើយក្រុមគោព្រៃជំទង់កម្ពុជា ត្រូវការជ័យជម្នះ ដាច់ខាតដើម្បីធានាកៅអីវគ្គបន្ដ ដ្បិតបច្ចុប្បន្ន កម្ពុជា មានតែមួយ ៤ពិន្ទុប៉ុណ្ណោះ ក្នុងដៃ។

សម្រាប់ប្រកួតបើកឆាក ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ បានប្រកួតស្មើជាមួយក្រុមជម្រើសជាតិលីបង់ អាយុក្រោម ២៣ឆ្នាំ ក្នុងលទ្ធផល ១ ទល់នឹង ១។ ដូច្នេះ ប្រកួតនេះ ធ្វើឲ្យកម្ពុជា មាន ១ពិន្ទុ ក្នុងដៃ។

ប្រកួតទី២ កាលពីចុងសប្ដាហ៍កន្លងទៅ បានយកឈ្នះ U23 ម៉ុងហ្គោលី ដោយលទ្ធផល ២ ទល់នឹង ១។ តាមរយៈ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមជម្រើសជាតិ U23 កម្ពុជា មាន ៤ពិន្ទុ និងឈរលេខ២ បណ្ដោះអាសន្ន តាមពីក្រោយ អារ៉ាប់ប៊ីសាអូឌីត ដែលមាន ៦ពិន្ទុពេញ ក្រោយឈ្នះ ២ប្រកួតជាប់គ្នា។ ដូច្នេះជំនួបចុងក្រោយ ជាមួយអារ៉ាប់ប៊ីសាអូឌីត យប់នេះ ប្រសិនបើក កម្ពុជា ឈ្នះ នោះនឹងទទួលបានកៅអីវគ្គ ១៦ក្រុមចុងក្រោយ ដោយស្វ័យប្រវត្តិ។

ប្រសិនបើការប្រកួតនេះ កម្ពុជា ស្មើ ឬ ចាញ់ កម្ពុជា ប្រឈមនឹងការបាត់បង់ឱកាសឡើងវគ្គបន្ដ ដ្បិតបច្ចុប្បន្ន បើគិតពីចំណាត់ថ្នាក់លេខ២ ល្អជាងគេ កម្ពុជា ទើបមាន ១ពិន្ទុប៉ុណ្ណោះ ពីការប្រកួតស្មើក្រុម U23 លីបង់ ដោយសារជ័យជម្នះលើ ម៉ុងហ្គោលី មិនត្រូវបានរាប់បញ្ចូលនោះទេ ដោយសារពូលខ្លះ មាន ៣ក្រុម និងពូលខ្លះមាន ៤ក្រុម ដូច្នេះប្រកួតជាមួយក្រុមបាតតារាងក្នុងពូលមិនត្រូវបានរាប់បញ្ជូលនោះទេ។

ដូច្នេះ ពិតណាស់យប់នេះ កម្ពុជា ត្រូវការជ័យជំនះដាច់ខាត បើចង់មានកៅអីឡើងទៅកាន់វគ្គបន្ត។ ទោះបីជាយ៉ាងណា ការប៉ះជាមួយ ម្ចាស់ផ្ទះ អារ៉ាប់ប៊ីសាអូឌីត មិនមែនជាប្រកួតងាយស្រួលនោះទេ ដោយសារពួកគេជាក្រុមការពារដំណែងជើងឯកឆ្នាំនេះ៕

អត្ថបទទាក់ទង