កសិករ គួរងាកមកធ្វើកសិកម្មប្រកបដោយចីរភាព ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពស្បៀង
នៅពេលដែលពិភពលោកកាន់តែវិវត្តជឿនលឿន សកម្មភាពអភិវឌ្ឍន៍ក៏កើតឡើងកាន់តែច្រើន ដែលសកម្មភាពទាំងនោះវាបានប៉ះពាល់បន្តទៅដល់បរិស្ថាន និងដែលធ្វើឱ្យមានបម្រែបម្រួល អាកាសធាតុ។
ការធ្វើកសិកម្មដែលធ្លាប់តែពឹងផ្អែកលើទឹកភ្លៀងក៏ត្រូវបានផ្លាស់ប្ដូរទៅរកវិធីថ្មីៗ ដោយរួមបញ្ចូលបច្ចេកវិទ្យា។ ដីដែលធ្លាប់តែធ្វើកសិកម្មបានទិន្នផលតិច ក៏គេអាចបង្កើនទិន្នផល ដោយធ្វើយ៉ាងណា អាចផ្គត់ផ្គង់តម្រូវការអ្នកបរិភោគបាន។ ប៉ុន្តែការធ្វើកសិកម្មដោយផ្ដោតលើតែទិន្នផលតែមួយមុខក៏មិនទាន់គ្រប់គ្រាន់ដែរ គេត្រូវគិតគូរផងដែរ លើស្ថិរភាពនៃការផ្គត់ផ្គង់ និងសុវត្ថិភាពនៃចំណីអាហារដែលផលិតបាន។
ដោយឡែក កសិកម្មប្រកបដោយចីរភាព គឺជាវិធីសាស្រ្តនៃការធ្វើកសិកម្មដែលការពារធនធានធម្មជាតិ អនុវត្តដំណាំចម្រុះ ចិញ្ចឹមសត្វ កាត់បន្ថយការប្រើប្រាស់សារធាតុគីមីដែលបង្កគ្រោះថ្នាក់ និងសង្កត់ធ្ងន់លើប្រព័ន្ធអាហារក្នុងស្រុក។
គោលបំណងចម្បងគឺដើម្បីបង្កើតប្រព័ន្ធទ្រទ្រង់ខ្លួនឯងដែលផលិតអាហារដែលមានសុខភាពល្អ ខណៈពេលកាត់បន្ថយកាកសំណល់ និងគ្រោះថ្នាក់ដល់បរិស្ថាន។ ខាងក្រោមនេះជាវិធីសាស្រ្ត ដែលប្រជាកសិករអាចយកទៅអនុវត្ត ដើម្បីទទួលបានកសិកម្មប្រកបដោយចីរភាព។
ការកែច្នៃកសិផល៖ គឺជាដំណើរការនៃការបំប្លែងវត្ថុធាតុដើម រួមទាំងដំណាំ សាច់សត្វ ត្រី និងផ្លែឈើ ទៅជាផលិតផលសម្រេចដែលអាចរកទីផ្សារបាន។ ការលើកកម្ពស់វិស័យកសិកម្ម កែច្នៃនាពេល បច្ចុប្បន្ននេះ គឺជាអាទិភាពរបស់រដ្ឋាភិបាល និងជាយុទ្ធសាស្ត្រក្នុងកែច្នៃវិស័យឧស្សាហកម្មនៅកម្ពុជា និងជំរុញការនាំចេញ។
កសិកម្មសរីរាង្គ៖ តម្រូវការរបស់ប្រជាជនលើអាហារដែលមានសុវត្ថិភាព និងមានផលប៉ះពាល់ ទាបដល់ បរិស្ថាន កំពុងកើនឡើងនៅគ្រប់ទីកន្លែង រួមទាំងតំបន់អាស៊ី និងប្រទេសកម្ពុជាផងដែរ ដែលផ្តល់ឱកាសថ្មីដល់កសិករក្នុងការផលិតអាហារសរីរាង្គ។
ក្នុងនោះ រាជរដ្ឋាភិបាលបានបង្កើតកម្មវិធីដើម្បីលើកទឹកចិត្តឱ្យមានការអនុវត្តកសិកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន ដូចជាការកាត់បន្ថយការប្រើប្រាស់សារធាតុគីមីដែលបង្កគ្រោះថ្នាក់ ការកែលម្អប្រព័ន្ធគ្រប់គ្រងទឹក និងការគ្រប់គ្រងសត្វល្អិត។ ប្រជាកសិករក៏ត្រូវបានណែនាំឲ្យមានការប្រើប្រាស់ជីធម្មជាតិដូចជា លាមកគោ ប្រចៀវ មាន់ ឬការប្រើប្រាស់ជីកំប៉ុស រួមមានកំប៉ុសទឹក និងកំប៉ុសគោក ជាជាងការប្រើ ប្រាស់ផលិតផលជីគីមីជាដើម។
ផ្តួចផ្តើមសហគមន៍ខ្នាតតូច៖ ក្រសួងកសិកម្មសហការជាមួយនឹងអង្គការស្បៀងអាហារនិងកសិកម្ម (FAO) បានបង្កើតនូវគម្រោងប្រព័ន្ធធានា (Participatroy Guarantee Systems – PGS) ដែលមាន ការចូលរួមពីការអ្នកបង្វឹក កសិករ ដោយផ្តល់ជាការបណ្តុះបណ្តាលអំពី PGS នៅថ្នាក់ជាតិ។
គម្រោងនេះបានបង្កើតជាក្រុមកសិករដែលបានទទួលការបណ្តុះបណ្តាលពីគម្រោង ហើយភ្ជាប់ពួកគេទៅនឹងទីផ្សារសក្តានុពល អ្នកទិញ និងអ្នកប្រើប្រាស់។ ដោយមានការរៀបចំយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយ និងបង្កើតសម្ភារៈផ្សព្វផ្សាយដើម្បីបង្កើន ការយល់ដឹងអំពី PGS និងកសិកម្មសរីរាង្គ ដែលបានកែលម្អការលក់របស់ពួកគេ ក្នុងការបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាព។
តាមរយៈគម្រោងនេះ កសិករជាច្រើនក៏ទទួលបានទំនុកចិត្តបន្ថែមទៀតពីអ្នកប្រើប្រាស់ ហើយខ្លះទៀតបានក្លាយជាអ្នកបណ្តុះបណ្តាលនៅក្នុងសហគមន៍ជនបទរបស់ពួកគេបន្តផងដែរ៕