Close

ប្រធានាធិបតីប្រេស៊ីលសន្យាថានឹងមិនមានការចាប់ខ្លួនលោក Putin ឡើយពេលប្រេស៊ីលធ្វើម្ចាស់ G20 ឆ្នាំក្រោយ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីប្រេស៊ីលសន្យាថានឹងមិនមានការចាប់ខ្លួនលោក Putin ឡើយពេលប្រេស៊ីលធ្វើម្ចាស់ G20 ឆ្នាំក្រោយ ប្រធានាធិបតីប្រេស៊ីលសន្យាថានឹងមិនមានការចាប់ខ្លួនលោក Putin ឡើយពេលប្រេស៊ីលធ្វើម្ចាស់ G20 ឆ្នាំក្រោយ

បរទេស ៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានធ្វើការអះអាងថានឹងមិនមានការចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឡើយ ប្រសិនបើគាត់នឹងចូលរួមកិច្ចប្រជុំ G20 ដោយផ្ទាល់នៅទីក្រុង Rio de Janeiro នៅឆ្នាំក្រោយ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែតក្នុងបទសំភាសមួយជាមួយនឹងសារព័ត៌មាន Firstpost លោក Lula បានបញ្ជាក់ច្បាស់ថាលោក Putin នឹងត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំ G20 ក្នុងប្រទេសប្រេស៊ីលនៅឆ្នាំ២០២៤ខាងមុខនេះ ហើយលោកផ្ទាល់ក៏នឹងអញ្ញើញចូលរួមកិច្ចប្រជុំ BRICS ដែលគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសរុស្សីឆ្នាំក្រោយនោះនៅមុនកិច្ចប្រជុំ G20 នេះដែរ។

លោក Lula ពោលបែបនេះថា ៖ ខ្ញុំជឿជាក់ថា លោក Putin អាចធ្វើដំណើរមកកាន់ប្រទេសប្រេស៊ីលយ៉ាងងាយស្រួល ហើយអ្វីដែលខ្ញុំអាចនិយាយបាននៅពេលនេះដរាបណាខ្ញុំនៅតែជាប្រធានាធិបតីប្រេស៊ីលនោះគឺនឹងមិនមានហេតុការណ៍នៃការចាប់ខ្លួនលោក Putin នៅទីនេះជាដាច់ខាត។

គួររំលឹកដែរថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិហៅកាត់ថា ICC បានចេញដីកាចាប់ខ្លួនលោក Putin កាលពីខែមីនា ដោយចោទប្រកាន់លោក​ Vladimir Putin ពីបទឧក្រិដ្ឋកម្មសង្រ្គាម ក្នុងការនិរទេសកុមាររាប់រយនាក់ចេញពីប្រទេសអ៊ុយក្រែនដោយខុសច្បាប់ទោះបីជារុស្ស៊ី​បាន​បដិសេធ​ថា កងកម្លាំង​របស់​ខ្លួន​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​សង្រ្គាម ឬ​បាន​បង្ខំ​កុមារនៅ​អ៊ុយក្រែនក្តី។

ចាប់តាំងតែពីពេលនោះមក លោក Putin ត្រូវបានគេមើលឃើញហើយថាតែងតែបានលប់ចោលការជួបជុំនិងចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិម្តងហើយម្តងទៀត ជាក់ស្តែងចុងក្រោយនេះគឺកិច្ចប្រជុំកំពូល G20 ដែលកំពុងប្រារព្វឡើងនៅក្នុងទីក្រុងញូវដេលីតាំងតែពីចុងសប្តាហ៍នេះជាដើមដោយមានវត្តមានលោករដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov ដឹកនាំគណៈប្រតិភូរុស្សីជំនួសវិញ៕

អត្ថបទទាក់ទង