អង់គ្លេស ធ្វើតេស្តដ្រូនថ្មី HCMC អាចចុះចត និងហោះឡើងចេញពីនាវាផ្ទុកយន្តហោះចម្បាំង
បរទេស៖ យន្តហោះដ្រូនប្រភេទថ្មីបច្ចេកវិទ្យាដែលអាចធ្វើការចុះចត និងហោះឡើងចេញពីនាវាផ្ទុកយន្តហោះចម្បាំងត្រូវបានអង់គ្លេសដាក់ធ្វើតេស្តសាកល្បងជាលើកដំបូងនៅឆ្នេរ Cornawall ភាគនិរតីនៃប្រទេសអង់គ្លេស។
តាមការអះអាងដោយកងកម្លាំងជើងទឹកអាមេរិក Royal Navy បានបញ្ជាក់ថា ដ្រូនបច្ចេកវិទ្យាថ្មី និងជាដ្រូនដែលនឹងប្រើប្រាស់ក្នុងប្រតិបត្តិការថ្មីនេះត្រូវបានគេដាក់ឈ្មោះថា HCMC គឺជាដ្រូនដែលមានបំពាក់ម៉ាស៊ីនភ្លោះ និងអភិវឌ្ឍដោយក្រុមហ៊ុន W Automous System ។
ការធ្វើតេស្តកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ HCMC បានហោះហើរចេញពីទីតាំងដែនគោករបស់អង់គ្លេស Predannack និងធ្វើដំណើរក្នុងរយៈពេល២០នាទីដើម្បីហោះទៅដល់នាវាផ្ទុកយន្តហោះចម្បាំង និងចុះចតនៅទីនោះបានយ៉ាងជោគជ័យ ហើយបន្ទាប់មកក៏បានធ្វើដំណើរមកដល់ដីគោកវិញជោគជ័យផងដែរ។
សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកអង់គ្លេសបានឲ្យដឹងទៀតដែរថា តាមផែនការកម្មវិធី និងសេវាកម្មថ្មីនេះនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅក្នុងក្រុមកងនាវាប្រយុទ្ធរបស់អង់គ្លេសនាពេលអនាគតដោយក្នុងនោះ HCMC មានតួនាទីសំខាន់ក្នុងការដឹកជញ្ជូនសារ ឬគ្រឿងបន្លាស់ចាំបាច់រវាងនាវា និងនាវា ឬរវាងនាវា និងមូលដ្ឋានដីគោកដោយមិនចាំបាច់ប្រើប្រាស់ឧទ្ធម្ភាគចក្រទៀតឡើយ។
គួរឲ្យដឹងដែរថា កម្លាំងម៉ាស៊ីនភ្លោះរបស់ HCMC អាចធ្វើឲ្យដ្រូននេះមានសមត្ថភាពក្នុងការដឹកជញ្ជូនទំនិញដែលមានទំងន់ប្រមាណជា១០០គីឡូក្រាមក្នុងមួយលើក ហើយធ្វើដំណើរបានចំងាយដល់ទៅ ១,០០០គីឡូម៉ែត្រដោយមិនចាំបាច់ចុះចតឡើយ៕