ភាគីពាក់ព័ន្ធវិស័យកសិកម្មរៀបចំកិច្ចប្រជុំដើម្បីលើកផែនការពង្រឹងឲ្យកាន់តែប្រសើរ
ភ្នំពេញ : នៅល្ងាចថ្ងៃដើមសប្តាហ៍នេះក្រុមការងារអង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ACSEP នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងប្រចាំខែសីហា ឆ្នាំ២០២៣ ក្រោមការដឹកនាំពិភាក្សាដោយ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរង និងជានាយកគម្រោង ACSEP។
កិច្ចប្រជុំនេះផងដែរមានការចូលរួមពីអង្គភាពគ្រប់គ្រងគម្រោង អង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងអភិវឌ្ឍន៍ជនបទ អង្គភាពអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ ក្រុមទីប្រឹក្សាបច្ចេកទេស និង តំណាងភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)។
របៀបវារៈសំខាន់ៗដែលបានលើកឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំគឺ ការលើករបាយការណ៍វឌ្ឍនភាពនៃការអនុវត្តសកម្មភាពការងារប្រចាំខែសីហា ការពិនិត្យបច្ចុប្បន្នភាពនៃការធ្វើអត្តសញ្ញាណសហគមន៍កសិកម្ម សហគ្រាសកសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក ការពិភាក្សាលើការងារផ្នែកគាំពារសុវត្ថិភាពបរិស្ថាននិងសង្គម និងយេនឌ័រ ការ ពិភាក្សារួមគ្នាលើកិច្ចការពន្លឿនការអនុវត្តផែនការសកម្មភាពថវិកាឆ្នាំ២០២៣ និងការរៀបចំកម្មវិធីសម្រាប់បេសកកម្មត្រួតពិនិត្យគាំពារសុវត្ថិភាពបរិស្ថាន និងសង្គមរបស់ក្រុមជំនាញនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
ជាលទ្ធផល កិច្ចប្រជុំនេះបានសម្រេចនូវការពិភាក្សាដូចជា៖
១. វឌ្ឍនភាពការអនុវត្តសកម្មភាពរបស់ភ្នាក់ងារអនុវត្តគម្រោងក្រោមសមាសភាគលទ្ធផលនីមួយៗដោយសមាសភាគទី១ បានរៀបចំវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពអ្នកពាក់ព័ន្ធស្តីពីឥណទានសម្រាប់ខ្សែច្រវាក់តម្លៃ (Agriculture Value Chain Financing) និងបានរៀបចំការពន្យល់ពាក្យគន្លឹះនិងការបំពេញទម្រង់ឯកសារដល់ស្ថាប័នហិរញ្ញវត្ថុដៃគូ។
រីឯសមាសភាគទី២ បានចុះង្កើតផែនទីសហគមន៍កសិកម្ម សិប្បកម្មកែច្នៃ និងផ្លូវ និងបានចុះពិនិត្យចម្ការពិសោធន៍ដំណាំស្វាយ និងស្វាយចន្ទី គ.សមាសភាគទី៣ បានកសាងផ្លូវក្នុងខេត្តកំពង់ធំសម្រេចបាន ២០,៩២% ខេត្តព្រះវិហារសម្រេចបាន ២០,០២% ខេត្តឧត្តរមានជ័យសម្រេចបាន ២៦,៥២% ខេត្តសៀមរាបសម្រេចបាន ១៤,៣៤% ខេត្តត្បូងឃ្មុំសម្រេចបាន ១០% និងខេត្តកំពង់ចាមសម្រេចបាន ១៥% បានផ្សព្វផ្សាយពីការចូលរួមរបស់ស្រ្តីក្នុងការងារសាងសង់ផ្លូវ និងបានរៀបចំវេទិកាដើម្បីផ្សព្វផ្សាយការដោះស្រាយបណ្តឹងថ្នាក់ឃុំ ។
២. បច្ចុប្បន្នភាពអ្នកទទួលផលពីគម្រោងដែលមាន ២៣២សហគមន៍កសិកម្ម(តាមមុខដំណាំ) ៥០សហគ្រាសកសិកម្ម ២០១កសិករចិញ្ចឹមមាន់ស្រែ និង ៥០កសិករភ្ញាស់កូនមាន់ ។
៣. ផ្នែកគាំពារសុវត្ថិភាពបរិស្ថាននិងសង្គម ត្រូវរៀបចំរបាយការណ៍វឌ្ឍនភាពរបស់ផ្នែកដើម្បីផ្ញើជូន ADB និងត្រូវរៀបចំឯកសារពាក់ព័ន្ធដើម្បីដោះស្រាយការងាររៀបចំយន្តការដោះស្រាយវិវាទ(Grievance Redress Mechanism)សម្រាប់គម្រោង ។
៤. ការពិនិត្យសកម្មភាពដែលអាចអនុវត្តបានទាន់ពេលវេលាសម្រាប់ផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៣ និងការត្រៀមរៀបចំផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៤។
និងចុងក្រោយគឺការពិនិត្យនិងកែសម្រួលបន្ថែមលើកម្មវិធីដែលត្រៀមសម្រាប់បេសកកម្មរបស់ក្រុមជំនាញផ្នែកគាំពារសុវត្ថិភាពបរិស្ថាននិងសង្គមនៃ ADB ។ តាមរយៈកិច្ចពិភាក្សាជាបន្តបន្ទាប់របស់ ក្រសួងកសិកម្មជាមួយភាគីពាក់ព័ន្ធនេះ នឹងញុំាងឱ្យវិស័យកសិកម្មទាំងមូលកាន់តែស្គាល់ភាពរីក ចម្រើន និងរុញសេដ្ឋកិច្ចកម្ពុជាឱ្យឈានទៅរកការអភិវឌ្ឍមួយជំហានទៀត៕